5 ព្រះបាទយ៉ូសាផាតទូលទៀតថា៖ «សូមព្រះករុណាទូលសួរព្រះអម្ចាស់សិន»។
6 ស្ដេចអ៊ីស្រាអែលកោះហៅព្យាការីប្រមាណបួនរយនាក់មក ហើយសួរពួកគេថា៖ «តើយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេទូលថា៖ «សូមព្រះករុណាយាងទៅចុះ។ ព្រះអម្ចាស់នឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា»។
7 ព្រះបាទយ៉ូសាផាតមានរាជឱង្ការសួរថា៖ «តើនៅទីនេះ គ្មានព្យាការីរបស់ព្រះអម្ចាស់ ដែលយើងអាចទូលសួរព្រះអង្គទេឬ?»។
8 ស្ដេចស្រុកអ៊ីស្រាអែលទូលព្រះបាទយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូលសួរព្រះអម្ចាស់បាន តែទូលបង្គំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្ដីល្អឲ្យទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ព្រះបាទយ៉ូសាផាតទូលថា៖ «សូមព្រះករុណាកុំមានរាជឱង្ការបែបនេះ!»។
9 ស្ដេចស្រុកអ៊ីស្រាអែលហៅមហាតលិកមក ហើយមានរាជឱង្ការថា៖ «ចូរទៅហៅលោកមីកាយ៉ា ជាកូនរបស់លោកយីមឡាមកជាប្រញាប់!»។
10 ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿង គង់លើបល្ល័ង្ករៀងៗខ្លួន ត្រង់ព្រលានដែលនៅមុខទ្វារក្រុងសាម៉ារី។ ពួកព្យាការីកំពុងនាំគ្នាទាយថ្វាយព្រះរាជាទាំងពីរអង្គ។
11 លោកសេដេគា ជាកូនរបស់លោកក្នាណា បានធ្វើស្នែងដែក ហើយពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីឲ្យវិនាសសូន្យ!»។