7 ព្រះបាទយ៉ូសាផាតមានរាជឱង្ការសួរថា៖ «តើនៅទីនេះ គ្មានព្យាការីរបស់ព្រះអម្ចាស់ ដែលយើងអាចទូលសួរព្រះអង្គទេឬ?»។
8 ស្ដេចស្រុកអ៊ីស្រាអែលទូលព្រះបាទយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូលសួរព្រះអម្ចាស់បាន តែទូលបង្គំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្ដីល្អឲ្យទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ព្រះបាទយ៉ូសាផាតទូលថា៖ «សូមព្រះករុណាកុំមានរាជឱង្ការបែបនេះ!»។
9 ស្ដេចស្រុកអ៊ីស្រាអែលហៅមហាតលិកមក ហើយមានរាជឱង្ការថា៖ «ចូរទៅហៅលោកមីកាយ៉ា ជាកូនរបស់លោកយីមឡាមកជាប្រញាប់!»។
10 ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿង គង់លើបល្ល័ង្ករៀងៗខ្លួន ត្រង់ព្រលានដែលនៅមុខទ្វារក្រុងសាម៉ារី។ ពួកព្យាការីកំពុងនាំគ្នាទាយថ្វាយព្រះរាជាទាំងពីរអង្គ។
11 លោកសេដេគា ជាកូនរបស់លោកក្នាណា បានធ្វើស្នែងដែក ហើយពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីឲ្យវិនាសសូន្យ!»។
12 ព្យាការីទាំងអស់ក៏ទាយបែបនោះដែរ ពួកគេទូលស្ដេចថា៖ «សូមព្រះករុណាយាងទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ព្រះករុណាមុខជាទទួលជ័យជំនះមិនខាន។ ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយ»។
13 មហាតលិកដែលស្ដេចចាត់ឲ្យទៅហៅលោកមីកាយ៉ា បានប្រាប់លោកថា៖ «ព្យាការីទាំងអស់សុទ្ធតែព្រមគ្នា ទាយសេចក្ដីល្អថ្វាយព្រះរាជា ដូច្នេះ សូមលោកទាយសេចក្ដីល្អថ្វាយព្រះរាជាដូចគេដែរទៅ!»។