១ ពង្សា‌វតារ‌ក្សត្រ 7:2-8 KHSV

2 ដំបូង​បង្អស់ ព្រះ‌រាជា​សង់ «ដំណាក់​ព្រៃ​ស្រុក​លីបង់» មាន​បណ្ដោយ​ប្រវែង​មួយ​រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ និង​កំពស់​សាម‌សិប​ហត្ថ មាន​សសរ​បួន​ជួរ​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​នៅ​លើ​សសរ​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ។

3 រីឯ​ពិដាន​វិញ​ក៏​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ ទ្រ​ដោយ​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​សែ‌សិប​ប្រាំ​ដើម តំរៀប​ជា​បី​ជួរ គឺ​ក្នុង​មួយ​ជួរ​មាន​ដប់​ប្រាំ​ដើម ដែល​ទ្រ​ដោយ​សសរ​ទាំង​នោះ។

4 នៅ​តាម​ជញ្ជាំង​សង​ខាង​ដំណាក់ មាន​បង្អួច​ម្ខាង​បីៗ នៅ​ទល់​មុខ​គ្នា។

5 មេ និង​ក្រប​របស់​វា មាន​រាង​បួន​ជ្រុង ម្ខាង​បីៗ​នៅ​ទល់​មុខ​គ្នា។

6 ស្ដេច​សង់​បន្ទប់​ល្វែង​មួយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​សាម‌សិប​ហត្ថ ដែល​មាន​តែ​សសរ។ នៅ​ពី​មុខ​បន្ទប់​ល្វែង​នោះ មាន​សសរ និង​ថែវ។

7 ព្រះ‌រាជា​សង់​បន្ទប់​ល្វែង​មួយ ជា​កន្លែង​គ្រង​រាជ្យ និង​កាត់​ក្ដី មាន​ឈ្មោះ​ថា «ទី‌នាំង​វិនិច្ឆ័យ» ដែល​ពាស​ឈើ​តាត្រៅ​ពី​ក្រោម​រហូត​ដល់​លើ។

8 រីឯ​ដំណាក់​សម្រាប់​ស្ដេច​គង់​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ តែ​នៅ​ក្នុង​ទីធ្លា​មួយ​ទៀត នៅ​ខាង​ក្រោយ​ដំណាក់​គ្រង​រាជ្យ។ ព្រះ‌បាទ​សាឡូម៉ូន​សង់​ដំណាក់​មួយ​សម្រាប់​ព្រះ‌មហេសី ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ដំណាក់​នោះ​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ។