22 ក្បាលសសរទាំងពីរនេះមានរាងដូចផ្កាម្លិះ។ លោកហ៊ីរ៉ាមបានធ្វើសសរទាំងពីរចប់រួចរាល់។
23 លោកហ៊ីរ៉ាមធ្វើអាងមួយយ៉ាងធំ ពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងជុំវិញរង្វង់សាមសិបហត្ថ។
24 នៅក្រោមគែមមាត់អាង មានឆ្លាក់ក្បាច់ផ្កាក្រពុំពីរជួរ ហើយក្នុងប្រវែងមួយហត្ថមានក្បាច់ផ្កាក្រពុំដប់ ព័ទ្ធជុំវិញអាង។ ក្បាច់ទាំងនោះសិតជាប់ជាមួយអាងដែរ។
25 អាងនេះទ្រដោយគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ ខ្លួនរបស់វាបែរចូលក្នុង ដើម្បីទ្រអាង។
26 អាងនេះមានកំរាស់មួយទះ មាត់របស់វារីកចេញដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណពីរពាន់អំរែក។
27 លោកហ៊ីរ៉ាមបានធ្វើរទេះលង្ហិនចំនួនដប់។ រទេះនីមួយៗមានបណ្ដោយបួនហត្ថ ទទឹងបួនហត្ថ និងកំពស់បីហត្ថ។
28 គាត់ធ្វើរទេះដូចតទៅ: គាត់សិតបន្ទះលង្ហិនជាច្រើន រួចតំរៀបគ្នានៅលើគ្រោង។