១ ពង្សា‌វតារ‌ក្សត្រ 7:24-30 KHSV

24 នៅ​ក្រោម​គែម​មាត់​អាង មាន​ឆ្លាក់​ក្បាច់​ផ្កា​ក្រពុំ​ពីរ​ជួរ ហើយ​ក្នុង​ប្រវែង​មួយ​ហត្ថ​មាន​ក្បាច់​ផ្កា​ក្រពុំ​ដប់ ព័ទ្ធ​ជុំ‌វិញ​អាង។ ក្បាច់​ទាំង​នោះ​សិត​ជាប់​ជា​មួយ​អាង​ដែរ។

25 អាង​នេះ​ទ្រ​ដោយ​គោ​លង្ហិន​ចំនួន​ដប់‌ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ ខ្លួន​របស់​វា​បែរ​ចូល​ក្នុង ដើម្បី​ទ្រ​អាង។

26 អាង​នេះ​មាន​កំរាស់​មួយ​ទះ មាត់​របស់​វា​រីក​ចេញ​ដូច​មាត់​ពែង និង​មាន​រាង​ដូច​ផ្កា​ម្លិះ ហើយ​មាន​ចំណុះ​ប្រមាណ​ពីរ​ពាន់​អំរែក។

27 លោក​ហ៊ីរ៉ាម​បាន​ធ្វើ​រទេះ​លង្ហិន​ចំនួន​ដប់។ រទេះ​នីមួយៗ​មាន​បណ្ដោយ​បួន​ហត្ថ ទទឹង​បួន​ហត្ថ និង​កំពស់​បី​ហត្ថ។

28 គាត់​ធ្វើ​រទេះ​ដូច​ត​ទៅ: គាត់​សិត​បន្ទះ​លង្ហិន​ជា​ច្រើន រួច​តំរៀប​គ្នា​នៅ​លើ​គ្រោង។

29 នៅ​លើ​បន្ទះ​លង្ហិន​ទាំង​នោះ​មាន​ឆ្លាក់​រូប​សិង្ហ គោ ចេរូប៊ីន។ នៅ​ផ្នែក​ខាង​លើ និង​ផ្នែក​ខាង​ក្រោម​នៃ​គ្រោង ក៏​មាន​ឆ្លាក់​រូប​សិង្ហ គោ និង​មាន​ឆ្លាក់​ក្បាច់​រំយោល​លំអ​ដែរ។

30 រទេះ​នីមួយៗ​មាន​កង់​បួន​ធ្វើ​ពី​លង្ហិន ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ​ភ្លៅ​ធ្វើ​ពី​លង្ហិន។ នៅ​ត្រង់​មុម​ទាំង​បួន មាន​ជើង​សម្រាប់​ទ្រ​មុម ធ្វើ​ពី​លង្ហិន ភ្ជាប់​ទៅ​នឹង​តួ​រទេះ នៅ​ខាង​ក្រោម​ក្បាច់​រំយោល។