១ ពង្សា‌វតារ‌ក្សត្រ 7:26-32 KHSV

26 អាង​នេះ​មាន​កំរាស់​មួយ​ទះ មាត់​របស់​វា​រីក​ចេញ​ដូច​មាត់​ពែង និង​មាន​រាង​ដូច​ផ្កា​ម្លិះ ហើយ​មាន​ចំណុះ​ប្រមាណ​ពីរ​ពាន់​អំរែក។

27 លោក​ហ៊ីរ៉ាម​បាន​ធ្វើ​រទេះ​លង្ហិន​ចំនួន​ដប់។ រទេះ​នីមួយៗ​មាន​បណ្ដោយ​បួន​ហត្ថ ទទឹង​បួន​ហត្ថ និង​កំពស់​បី​ហត្ថ។

28 គាត់​ធ្វើ​រទេះ​ដូច​ត​ទៅ: គាត់​សិត​បន្ទះ​លង្ហិន​ជា​ច្រើន រួច​តំរៀប​គ្នា​នៅ​លើ​គ្រោង។

29 នៅ​លើ​បន្ទះ​លង្ហិន​ទាំង​នោះ​មាន​ឆ្លាក់​រូប​សិង្ហ គោ ចេរូប៊ីន។ នៅ​ផ្នែក​ខាង​លើ និង​ផ្នែក​ខាង​ក្រោម​នៃ​គ្រោង ក៏​មាន​ឆ្លាក់​រូប​សិង្ហ គោ និង​មាន​ឆ្លាក់​ក្បាច់​រំយោល​លំអ​ដែរ។

30 រទេះ​នីមួយៗ​មាន​កង់​បួន​ធ្វើ​ពី​លង្ហិន ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ​ភ្លៅ​ធ្វើ​ពី​លង្ហិន។ នៅ​ត្រង់​មុម​ទាំង​បួន មាន​ជើង​សម្រាប់​ទ្រ​មុម ធ្វើ​ពី​លង្ហិន ភ្ជាប់​ទៅ​នឹង​តួ​រទេះ នៅ​ខាង​ក្រោម​ក្បាច់​រំយោល។

31 ផ្នែក​ខាង​លើ​តួ​រទេះ​មាន​កំណល់​មួយ​រាង​មូល សម្រាប់​ទ្រ​អាង។ កំណល់​នេះ​ខ្ពស់​ផុត​ពី​តួ​រទេះ​មួយ​ហត្ថ មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។ នៅ​លើ​កំណល់​នេះ​ក៏​មាន​ឆ្លាក់​ជា​ក្បាច់​ដែរ។ រីឯ​តួ​រទេះ​វិញ​មាន​រាង​បួន​ជ្រុង គឺ​មិន​មែន​មូល​ទេ។

32 រីឯ​កង់​ទាំង​បួន​វិញ​ស្ថិត​នៅ​ក្រោម​តួ​រទេះ ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ‌សារ​ភ្លៅ។ កង់​នីមួយៗ​មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។