47 ព្រះបាទសាឡូម៉ូនឲ្យគេធ្វើគ្រឿងប្រដាប់ទាំងនោះ ដោយពុំគិតពីទម្ងន់លង្ហិនទេ ព្រោះមានចំនួនច្រើនពេក។
48 ព្រះបាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់ឯទៀតៗអំពីមាស សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ គឺមានអាសនៈមាស តុមាសសម្រាប់ដាក់នំបុ័ងថ្វាយព្រះអម្ចាស់
49 ជើងចង្កៀងធ្វើអំពីមាសសុទ្ធដាក់នៅមុខទីសក្ការៈ ជើងចង្កៀងប្រាំនៅខាងស្ដាំ ប្រាំនៅខាងឆ្វេង។ ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដែរ។
50 ចានក្លាំ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ ក៏ធ្វើពីមាសសុទ្ធទាំងអស់ រីឯត្រចៀកទ្វារនៅបន្ទប់ខាងក្នុង ហៅថាទីសក្ការៈបំផុត និងត្រចៀកទ្វារនៅច្រកចូលព្រះដំណាក់ ក៏សុទ្ធតែធ្វើពីមាសដែរ។
51 ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ ចប់សព្វគ្រប់។ បន្ទាប់មក ស្ដេចនាំយកវត្ថុជាមាស ប្រាក់ និងគ្រឿងប្រដាប់ឯទៀតៗ ដែលព្រះបាទដាវីឌជាបិតាបានថ្វាយដល់ព្រះអម្ចាស់ មកទុកនៅក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់។