8 រីឯដំណាក់សម្រាប់ស្ដេចគង់ក៏សង់ដូចដំណាក់មុនដែរ តែនៅក្នុងទីធ្លាមួយទៀត នៅខាងក្រោយដំណាក់គ្រងរាជ្យ។ ព្រះបាទសាឡូម៉ូនសង់ដំណាក់មួយសម្រាប់ព្រះមហេសី ដែលត្រូវជាបុត្រីរបស់ព្រះចៅផារ៉ោន ដំណាក់នោះក៏សង់ដូចដំណាក់មុនដែរ។
9 ដំណាក់ទាំងអស់សុទ្ធតែធ្វើអំពីថ្មសំរាំងដ៏ល្អៗ ដែលបានដាប់តម្រូវតាមទំហំ និងអារតំរឹមតាមមុខជ្រុងទាំងខាងក្នុង ទាំងខាងក្រៅ។ គេសង់ដំណាក់ទាំងនោះពីថ្មទាំងអស់ តាំងពីគ្រឹះរហូតដល់ដំបូល ហើយផ្នែកខាងក្រៅរហូតដល់ទីធ្លាធំផង។
10 គេរើសសុទ្ធតែថ្មដ៏ល្អប្រណីត និងផ្ទាំងធំៗ យកមកធ្វើជាគ្រឹះ ថ្មខ្លះមានប្រវែងដល់ទៅប្រាំបី ឬដប់ហត្ថ។
11 គេយកថ្មសំរាំងដ៏ល្អៗ ដែលបានដាប់តម្រូវតាមទំហំ និងឈើតាត្រៅមកសង់ពីលើគ្រឹះនោះ។
12 នៅជុំវិញទីធ្លាធំ គេសង់ជញ្ជាំងពីថ្មសំរាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ល្វែងរបស់ព្រះដំណាក់ដែរ។
13 ព្រះបាទសាឡូម៉ូនចាត់គេឲ្យទៅអញ្ជើញលោកហ៊ីរ៉ាមនៅក្រុងទីរ៉ុស។
14 គាត់ជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ ក្នុងកុលសម្ព័ន្ធណែបថាលី ហើយឪពុកជាអ្នកក្រុងទីរ៉ុស។ លោកហ៊ីរ៉ាមជាជាងលង្ហិនមួយរូបដ៏ចំណាន ដែលមានប្រាជ្ញាឈ្លាសវៃ ហើយមានថ្វីដៃខាងផលិតវត្ថុគ្រប់យ៉ាងពីលង្ហិន។ គាត់ចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយទទួលធ្វើកិច្ចការទាំងអស់ថ្វាយស្ដេច។