1 គ្រានោះ ព្រះបាទសាឡូម៉ូនអញ្ជើញពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេដឹកនាំកុលសម្ព័ន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឲ្យមកគាល់ស្ដេចនៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ពីបុរីព្រះបាទដាវីឌ គឺក្រុងស៊ីយ៉ូន មកព្រះដំណាក់។
2 ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមកគាល់ព្រះរាជា ដើម្បីចូលរួមពិធីបុណ្យខែអស្សុជ គឺជាខែទីប្រាំពីរ។
3 ពេលអស់លោកព្រឹទ្ធាចារ្យមកដល់ ក្រុមបូជាចារ្យក៏លើកហិបនៃសម្ពន្ធមេត្រីសែង។
4 ក្រុមបូជាចារ្យ និងក្រុមលេវី នាំគ្នាដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ព្រមទាំងនាំយកពន្លាជួបព្រះអម្ចាស់ និងវត្ថុសក្ការៈទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងពន្លាមកជាមួយដែរ។
5 ព្រះបាទសាឡូម៉ូន និងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលស្ដេចបានអញ្ជើញមកនោះ នាំគ្នាឈរនៅមុខហិបនៃសម្ពន្ធមេត្រី។ គេយកចៀម និងគោយ៉ាងច្រើនឥតគណនា មកថ្វាយជាយញ្ញបូជា។