១ ពង្សា‌វតារ‌ក្សត្រ 8:37-43 KHSV

37 កាល​ណា​ស្រុក​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ស្រូវ​ស្កក​មាន​ក្រា កណ្ដូប និង​ចង្រិត​ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រជា‌រាស្ត្រ នៅ​ក្នុង​ស្រុក និង​តាម​ទ្វារ​ក្រុង​របស់​គេ ហើយ​កាល​ណា​មាន​គ្រោះ​កាច និង​មាន​ជំងឺ​ផ្សេងៗ

38 ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ក្នុង​ចិត្ត រួច​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ព្រះ‌ដំណាក់

39 សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់ និង​លើក‌លែង​ទោស​ឲ្យ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​ទាំង​អស់។

40 ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូនតា​របស់​យើង​ខ្ញុំ។

41 ម្យ៉ាង​ទៀត ប្រសិន​បើ​ជន​បរទេស ដែល​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មក​ពី​ស្រុក​ឆ្ងាយ ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អង្គ

42 (ដ្បិត​ព្រះ‌នាម​ដ៏​ឧត្ដុង្គ‌ឧត្ដម ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ នឹង​ល្បី​ខ្ចរ‌ខ្ចាយ​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា) ប្រសិន​បើ​ជន​បរទេស​នោះ​មក​អង្វរ​ព្រះ‌អង្គ ក្នុង​ព្រះ‌ដំណាក់​នេះ

43 សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់ និង​ប្រោស​ប្រទាន​តាម​សំណូម‌ពរ​ទាំង​ប៉ុន្មាន ដែល​ជន‌បរទេស​នោះ​ទូល​សូម​ពី​ព្រះ‌អង្គ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​ផែនដី​ស្គាល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ដូច​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​សង់​នេះ ពិត​ជា​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ​មែន។