50 សូមលើកលែងទោសឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះពួកគេប្រព្រឹត្តអំពើបាប និងអំពើទុច្ចរិតទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ សូមបណ្ដាលឲ្យខ្មាំងសត្រូវដែលចាប់ពួកគេទៅជាឈ្លើយនោះ មានចិត្តអាណិតអាសូរដល់ពួកគេផង។
51 ពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ គឺប្រជារាស្ត្រដែលព្រះអង្គនាំចេញពីទាសភាពនៅស្រុកអេស៊ីប។
52 សូមព្រះអង្គទតមើលមកទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំគ្រប់ពេល ដែលយើងខ្ញុំអង្វររកព្រះអង្គ។
53 ព្រះអង្គបានញែកយើងខ្ញុំពីក្នុងចំណោមជាតិសាសន៍ទាំងអស់ នៅលើផែនដី ដើម្បីឲ្យយើងខ្ញុំធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចព្រះអង្គបានថ្លែងតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ នៅពេលដែលព្រះអង្គនាំដូនតារបស់យើងខ្ញុំចាកចេញពីស្រុកអេស៊ីប»។
54 ពេលព្រះបាទសាឡូម៉ូនទូលព្រះអម្ចាស់ នូវពាក្យអធិស្ឋាន និងអង្វរទាំងនេះ ចប់សព្វគ្រប់ហើយ ទ្រង់ក៏ក្រោកឈរឡើង នៅមុខអាសនៈរបស់ព្រះអម្ចាស់ ជាកន្លែងដែលស្ដេចបានលុតជង្គង់នោះ។ ស្ដេចលើកព្រះហស្ដឡើងលើ
55 ហើយប្រទានពរអង្គប្រជុំនៃជនជាតិអ៊ីស្រាអែល ដោយបន្លឺព្រះសូរសៀងខ្លាំងៗថា៖
56 «សូមអរព្រះគុណព្រះអម្ចាស់ ដែលប្រោសប្រទានឲ្យជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ បានសុខសាន្ត ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ព្រះអង្គសម្រេចតាមព្រះបន្ទូលដ៏ថ្លៃថ្លា ដែលព្រះអង្គបានថ្លែងតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ឥតខ្វះត្រង់ណាឡើយ។