59 សូមព្រះអម្ចាស់ ជាព្រះនៃយើង នឹកចាំទាំងថ្ងៃទាំងយប់នូវពាក្យដែលខ្ញុំទូលអង្វរព្រះអង្គ ហើយសូមព្រះអង្គមេត្តាជួយដល់ខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គជារៀងរាល់ថ្ងៃ។
60 ដូច្នេះ ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងទទួលស្គាល់ថា មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះជាម្ចាស់ គឺគ្មានព្រះឯណាទៀតឡើយ។
61 ចូរមានចិត្តស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ ដូចអ្នករាល់គ្នាធ្វើនៅពេលនេះដែរ»។
62 ព្រះបាទសាឡូម៉ូន និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។
63 ព្រះរាជា និងប្រជាជនអ៊ីស្រាអែលទាំងអស់ បានធ្វើពិធីឆ្លងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយក្នុងឱកាសនោះ ព្រះបាទសាឡូម៉ូនថ្វាយយញ្ញបូជាមេត្រីដល់ព្រះអម្ចាស់ គឺថ្វាយគោចំនួនពីរម៉ឺនពីរពាន់ក្បាល ចៀមមួយសែនពីរម៉ឺនក្បាល។
64 ថ្ងៃនោះ ព្រះរាជាញែកទីលាននៅខាងមុខព្រះដំណាក់របស់ព្រះអម្ចាស់ ជាសក្ការៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល តង្វាយម្សៅ និងខ្លាញ់របស់សត្វដែលជាយញ្ញបូជាមេត្រីភាព ដ្បិតអាសនៈលង្ហិននៅមុខទ្វារចូលទីសក្ការៈនោះតូចពេក ពុំអាចដាក់តង្វាយទាំងអស់បាន។
65 ក្នុងឱកាសនោះ ព្រះបាទសាឡូម៉ូនប្រារព្ធពិធីបុណ្យរួមជាមួយប្រជាជនអ៊ីស្រាអែលទាំងមូល ពួកគេធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នាជាអង្គប្រជុំយ៉ាងធំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះនៃយើងអស់រយៈពេលប្រាំពីរថ្ងៃ រួចហើយប្រាំពីរថ្ងៃទៀត គឺសរុបទាំងអស់ដប់បួនថ្ងៃ។