7 ចេរូប៊ីនទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។
8 ដោយឈើស្នែងវែង គេអាចមើលឃើញចុងរបស់ឈើទាំងនោះពីទីសក្ការៈ ដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅ គេពុំអាចមើលឃើញឡើយ។ អ្វីៗទាំងអស់ស្ថិតនៅទីនោះរហូតដល់សព្វថ្ងៃ។
9 នៅក្នុងហិប គ្មានអ្វីក្រៅពីថ្មពីរបន្ទះ ដែលលោកម៉ូសេបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលលោកទទួលនៅភ្នំហោរែប កាលព្រះអម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។
10 កាលអស់លោកបូជាចារ្យ*ចេញពីទីសក្ការៈមកវិញ នោះស្រាប់តែមានពពក*ពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
11 ដោយសារតែពពក ក្រុមបូជាចារ្យពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។
12 ពេលនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការដូចតទៅ៖«ព្រះអម្ចាស់មានព្រះបន្ទូលថាព្រះអង្គសព្វព្រះហឫទ័យគង់ក្នុងពពកដ៏ក្រាស់!
13 ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះធ្វើជាព្រះដំណាក់ថ្វាយព្រះអង្គគង់អស់កល្បជានិច្ច»។