16 ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។
17 ព្រះបាទដាវីឌស្រេកទឹក ស្ដេចក៏មានរាជឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកឲ្យយើងបាន?»។
18 នាយទាហានទាំងបីរូបនាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកថ្វាយព្រះបាទដាវីឌ ប៉ុន្តែ ព្រះបាទដាវីឌមិនព្រមសោយទេ ស្ដេចយកទឹកនោះទៅច្រួចលើដីថ្វាយព្រះអម្ចាស់។
19 ស្ដេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំគ្មានសិទ្ធិទទួលទានទឹកនេះទេ ព្រោះទឹកនេះដូចជាឈាមរបស់ទាហាន ដែលបានប្រថុយជីវិតទៅដងយកមកដែរ!»។ ដូច្នេះ ស្ដេចបដិសេធមិនព្រមសោយទឹកនោះទេ ព្រោះពួកទាហានបានប្រថុយជីវិតទៅដងយកមក។ នេះហើយជាស្នាដៃដែលទាហានដ៏ខ្លាំងពូកែទាំងបីរូបបានប្រព្រឹត្ត។
20 លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ និងជាប្រមុខលើមេទ័ពបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានឈ្មោះល្បីជាងគេ ក្នុងចំណោមមេទ័ពទាំងបីរូប។
21 លោកទទួលកិត្តិយសច្រើនជាងគេ ក្នុងចំណោមមេទ័ពទាំងបី។ លោកមាននាទីជាប្រមុខលើក្រុមមេទ័ពទាំងបី ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបទៀតឡើយ។
22 លោកបេណាយ៉ា ជាអ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយរូប។ លោកបានបញ្ចេញស្នាដៃថ្មីយ៉ាងច្រើន។ គឺលោកហើយដែលបានវាយពួកអរាលពីរនាក់នៅស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃដែលមានទឹកកកធ្លាក់។