១ របាក្សត្រ 11:5-11 KHSV

5 អ្នក​ក្រុង​យេប៊ូស​ពោល​មក​កាន់​ព្រះ‌បាទ​ដាវីឌ​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ក្រុង​របស់​យើង​មិន​បាន​ទេ»។ ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ីយ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ព្រះ‌បាទ​ដាវីឌ”។

6 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​វាយ​ឈ្នះ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​មេ‌ទ័ព និង​មេ​ដឹក​នាំ»។ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ចេញ​ទៅ​វាយ​មុន​គេ ហើយ​បាន​ទទួល​តំណែង​ជា​មេ‌ទ័ព។

7 ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​បន្ទាយ​នោះ ហេតុ​នេះ គេ​ក៏​ហៅ​ថា «បុរី​ព្រះ‌បាទ​ដាវីឌ»។

8 បន្ទាប់​មក ស្ដេច​ពង្រីក​ទីក្រុង ចាប់​តាំង​ពី​មីឡូ​រហូត​ដល់​ជាយ​ក្រុង។ លោក​យ៉ូអាប់​បាន​ជួស‌ជុល​កន្លែង​ផ្សេង​ទៀត នៅ​ក្នុង​ទីក្រុង។

9 ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​គង់​នៅ​ជា​មួយ។

10 នេះ​ជា​បញ្ជី​រាយ​នាម​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ គឺ​អស់​អ្នក​ដែល​បាន​ជួយ​ជ្រោម‌ជ្រែង​ឲ្យ​ស្ដេច​ទទួល​រាជ​សម្បត្តិ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ឲ្យ​ស្ដេច​បាន​សោយ​រាជ្យ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ស្ដី​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែល។

11 ពួក​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ មាន​រាយ​នាម​តាម​ចំនួន​របស់​ពួក​គេ​ដូច​ត​ទៅ:លោក​យ៉ាសុ‌បៀម​ជា​កូន​របស់​លោក​ហាក់‌មុនី លោក​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​សាម‌សិប​នាក់។ គឺ​លោក​ហើយ​ដែល​បាន​ប្រើ​លំពែង សម្លាប់​ខ្មាំង​អស់​បី​រយ​នាក់ ក្នុង​ពេល​តែ​មួយ។