7 ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយនោះ ហេតុនេះ គេក៏ហៅថា «បុរីព្រះបាទដាវីឌ»។
8 បន្ទាប់មក ស្ដេចពង្រីកទីក្រុង ចាប់តាំងពីមីឡូរហូតដល់ជាយក្រុង។ លោកយ៉ូអាប់បានជួសជុលកន្លែងផ្សេងទៀត នៅក្នុងទីក្រុង។
9 ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅជាមួយ។
10 នេះជាបញ្ជីរាយនាមនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ គឺអស់អ្នកដែលបានជួយជ្រោមជ្រែងឲ្យស្ដេចទទួលរាជសម្បត្តិលើស្រុកអ៊ីស្រាអែលទាំងមូល ហើយឲ្យស្ដេចបានសោយរាជ្យ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ស្ដីអំពីជនជាតិអ៊ីស្រាអែល។
11 ពួកទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ មានរាយនាមតាមចំនួនរបស់ពួកគេដូចតទៅ:លោកយ៉ាសុបៀមជាកូនរបស់លោកហាក់មុនី លោកជាប្រមុខលើមេបញ្ជាការសាមសិបនាក់។ គឺលោកហើយដែលបានប្រើលំពែង សម្លាប់ខ្មាំងអស់បីរយនាក់ ក្នុងពេលតែមួយ។
12 បន្ទាប់មក មានលោកអេឡាសារ ជាកូនរបស់លោកដូដូរ ជាពូជពង្សរបស់លោកអហូអា។ លោកជានាយទាហានម្នាក់ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី។
13 លោកបាននៅជាប់ជាមួយព្រះបាទដាវីឌ នៅផាស់ដាំមីម ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង។ នៅទីនោះ មានដីស្រែមួយកន្លែង ពេញដោយស្រូវ ហើយកងទ័ពអ៊ីស្រាអែលបានបាក់ទ័ពរត់នៅមុខជនជាតិភីលីស្ទីន។