១ របាក្សត្រ 29:6-12 KHSV

6 ពេល​នោះ មេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ‌ងារ​របស់​ស្ដេច នាំ​គ្នា​ស្ម័គ្រ​ចិត្ត

7 ថ្វាយ​ជា​តង្វាយ​សម្រាប់​ការ‌ងារ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​មាស​ប្រាំ​ពាន់​ហាប ប្រាក់​កាក់ ចំនួន​មួយ​ម៉ឺន ប្រាក់​សុទ្ធ​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ហាប និង​ដែក​មួយ​សែន​ហាប។

8 អស់​អ្នក​ដែល​មាន​ត្បូង​ពេជ្រ​ក៏​បាន​យក​ទៅ​ប្រគល់​ឲ្យ​លោក​យេហ៊ី‌អែល ជា​ពូជ‌ពង្ស​របស់​លោក​គើរ‌សុន ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

9 ប្រជា‌ជន​មាន​អំណរ​សប្បាយ ព្រោះ​គេ​បាន​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​ជា​ខ្លាំង​ដែរ។

10 ព្រះ‌បាទ​ដាវីឌ​លើក​តម្កើង​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ទាំង​មូល ស្ដេច​មាន​រាជា​ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីស្រា‌អែល ជា​បុព្វបុរស​របស់​យើង តាំង​ពី​អស់‌កល្ប​ជា‌និច្ច រហូត​ដល់​អស់‌កល្ប​ត​រៀង​ទៅ!

11 ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌បារមី តេជា‌នុភាព និង​សិរី‌រុងរឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។

12 ព្រះ‌អង្គ​ជា​ប្រភព​នៃ​ទ្រព្យ​សម្បត្តិ និង​សិរី‌រុងរឿង ហើយ​ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ ហើយ​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​អាច​ពង្រីក និង​ពង្រឹង​អ្វីៗ​ទាំង​អស់​ឲ្យ​បាន​រឹង‌មាំ។