11 អស់អ្នកដែលធ្លាប់ស្គាល់លោកសូល ឃើញលោកស្លុងស្មារតី ស្រែកច្រៀង និងរាំជាមួយពួកព្យាការី គេក៏សាកសួរគ្នាទៅវិញទៅមកថា «តើមានកើតអ្វីចំពោះកូនប្រុសលោកគីស? សូលចូលក្រុមព្យាការីដែរតើ!»។
12 មានអ្នកស្រុកម្នាក់ពោលឡើងថា៖ «តើគ្រូបាធ្យាយ របស់ពួកនេះនៅឯណា?»។ ហេតុនេះបានជាមានពាក្យស្លោកថា «សូលចូលក្រុមព្យាការីដែរតើ!»។
13 កាលលោកសូលដឹងស្មារតីឡើងវិញ លោកអញ្ជើញទៅកន្លែងសក្ការៈនៅទួលខ្ពស់។
14 ឪពុកមារបស់លោកសូលសួរលោក និងអ្នកបម្រើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបលោកសាំយូអែល»។
15 ឪពុកមារបស់លោកសូលពោលទៀតថា៖ «រៀបរាប់ប្រាប់មាមើល៍ លោកសាំយូអែលមានប្រសាសន៍ប្រាប់ពួកឯងអំពីអ្វីខ្លះ»។
16 លោកសូលតបទៅឪពុកមាវិញថា៖ «លោកបញ្ជាក់ប្រាប់ពួកខ្ញុំថា លាទាំងនោះ គេរកឃើញហើយ»។ លោកសូលមិនបានរៀបរាប់ប្រាប់ឪពុកមាអំពីរាជសម្បត្តិ ដែលលោកសាំយូអែលមានប្រសាសន៍នោះឡើយ។
17 លោកសាំយូអែលបានកោះហៅប្រជាជនមកប្រជុំគ្នានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា។