1 អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ ចូលទៅគាល់ព្រះបាទសូល នៅគីបៀរ ហើយទូលថា៖ «ដាវីឌលាក់ខ្លួននៅភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន»។
2 ដូច្នេះ ព្រះបាទសូលក្រោកឡើង ចេញដំណើរឆ្ពោះទៅវាលរហោស្ថានស៊ីភ ដើម្បីតាមចាប់លោកដាវីឌ។ ស្ដេចនាំទាហានដ៏អង់អាចក្នុងចំណោមជនជាតិអ៊ីស្រាអែល ចំនួនបីពាន់នាក់ទៅជាមួយ។
3 ស្ដេចបោះជំរំក្បែរផ្លូវនៅលើភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន។ លោកដាវីឌរស់នៅក្នុងវាលរហោស្ថាន ហើយឃើញព្រះបាទសូលតាមរកចាប់ខ្លួនលោក នៅវាលរហោស្ថាន
4 លោកក៏ចាត់មនុស្សឲ្យទៅស៊ើបការណ៍រួចដឹងថា ព្រះបាទសូលយាងមកដល់ប្រាកដមែន។
5 ពេលនោះ លោកដាវីឌចេញដំណើរទៅដល់ជំរំរបស់ព្រះបាទសូល។ លោកឃើញកន្លែងដែលស្ដេចផ្ទំ ហើយឃើញកន្លែងដែលលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងជាមេទ័ពរបស់ស្ដេចសម្រាន្ដដែរ។ ព្រះបាទសូលផ្ទំនៅកណ្ដាលជំរំ ហើយពលទ័ពបោះជំរំជុំវិញ។
6 លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអហ៊ីម៉ាឡេក ជាជនជាតិហេត ព្រមទាំងលោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ ថា៖ «តើនរណាស្ម័គ្រចិត្តចុះទៅជំរំរបស់ស្ដេចសូលជាមួយខ្ញុំ?»។ លោកអប៊ីសាយឆ្លើយថា៖ «ខ្ញុំស្ម័គ្រចិត្តទៅជាមួយលោក»។
7 យប់នោះ លោកដាវីឌ និងលោកអប៊ីសាយ ចូលទៅក្នុងជំរំ ហើយឃើញព្រះបាទសូលផ្ទំនៅកណ្ដាលជំរំ ព្រមទាំងមានលំពែងដោតជាប់នឹងដី ជិតក្បាលដំណេកផង។ រីឯលោកអប៊ីនើរ និងពលទាហាន ដេកលក់នៅជុំវិញស្ដេច។
8 លោកអប៊ីសាយជម្រាបលោកដាវីឌថា៖ «យប់នេះ ព្រះជាម្ចាស់ប្រគល់សត្រូវរបស់លោកមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ សូមអនុញ្ញាតឲ្យខ្ញុំយកលំពែងចាក់ទម្លុះស្ដេចជាប់នឹងដី ខ្ញុំចាក់តែមួយលំពែង មិនបាច់លើកទីពីរទេ»។
9 ប៉ុន្តែ លោកដាវីឌមានប្រសាសន៍ទៅលោកអប៊ីសាយថា៖ «ទេ! កុំធ្វើគុតព្រះករុណា ដ្បិតអ្នកណាលើកដៃប្រហារស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក អ្នកនោះមិនអាចរួចខ្លួនឡើយ»។
10 លោកដាវីឌមានប្រសាសន៍ទៀតថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅ! ដូច្នេះ មានតែព្រះអង្គទេដែលផ្ដាច់ជីវិតស្ដេច ដោយឲ្យស្ដេចសុគតមកពីអស់អាយុ ឬសុគតនៅសមរភូមិ។
11 ប៉ុន្តែ សូមព្រះអម្ចាស់ឃាត់ខ្ញុំ កុំឲ្យលើកដៃប្រហារស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេកនោះឡើយ! ដូច្នេះ ចូរយកតែលំពែងដែលនៅក្បាលដំណេករបស់ស្ដេច និងក្អមទឹកប៉ុណ្ណោះ រួចយើងចេញទៅវិញ!»។
12 លោកដាវីឌយកលំពែង និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ព្រះបាទសូល ហើយនាំគ្នាចាកចេញទៅ ដោយគ្មានទាហានម្នាក់បានឃើញ និងដឹងឡើយ ហើយក៏គ្មាននរណាម្នាក់ភ្ញាក់ដែរ។ ពួកគេដេកលក់ទាំងអស់គ្នា ព្រោះព្រះអម្ចាស់ធ្វើឲ្យពួកគេដេកលង់លក់ ឥតដឹងខ្លួន។
13 លោកដាវីឌឆ្លងទៅភ្នំម្ខាងទៀត ហើយឡើងទៅឈរលើកំពូលភ្នំ ដែលនៅដាច់ឆ្ងាយពីជំរំ។
14 លោកស្រែកហៅកងទ័ព រួចហៅលោកអប៊ីនើរ ជាកូនរបស់លោកនើរថា៖ «លោកអប៊ីនើរអើយ ម្ដេចក៏មិនឆ្លើយ!»។ លោកអប៊ីនើរស្រែកសួរវិញថា៖ «តើអ្នកជានរណា បានជាហ៊ានស្រែកហៅព្រះករុណាដូច្នេះ?»។
15 លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអប៊ីនើរថា៖ «តើលោកជាមនុស្សដើមទ្រូងប្រាំហត្ថមែន ឬមិនមែន! នៅស្រុកអ៊ីស្រាអែល មានតែលោកទេដែលប្រសើរជាងគេ ចុះហេតុអ្វីបានជាលោកមិនយាមព្រះករុណា ជាម្ចាស់របស់លោក? ដ្បិតមានប្រជាជនមួយរូបបានលបចូលទៅធ្វើគុតព្រះករុណា ជាម្ចាស់របស់លោក។
16 ខ្ញុំសុំជម្រាបលោក ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា លោកធ្វេសប្រហែសដូច្នេះមិនល្អទេ! ពួកលោកគួរតែស្លាប់ ដោយមិនបានរក្សាការពារម្ចាស់របស់ខ្លួន គឺស្ដេចដែលព្រះអម្ចាស់បានអភិសេក។ មើល! នេះនែ៎ លំពែងរបស់ព្រះករុណា និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ស្ដេច!»។
17 ព្រះបាទសូលស្គាល់សំឡេងរបស់លោកដាវីឌ ក៏មានរាជឱង្ការថា៖ «ដាវីឌ កូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ លោកដាវីឌទូលតបថា៖ «បពិត្រព្រះករុណាជាអម្ចាស់! គឺទូលបង្គំមែន!»។
18 លោកទូលទៀតថា៖ «ហេតុអ្វីព្រះករុណាជាអម្ចាស់ ចេះតែតាមចាប់ទូលបង្គំដូច្នេះ? តើទូលបង្គំបានធ្វើអ្វី? តើទូលបង្គំប្រព្រឹត្តអំពើអាក្រក់អ្វីខ្លះ?
19 សូមព្រះករុណាជាអម្ចាស់មេត្តាសណ្ដាប់ពាក្យទូលបង្គំ នៅពេលនេះផង។ ប្រសិនបើព្រះអម្ចាស់ជំរុញព្រះករុណាឲ្យប្រព្រឹត្តដូច្នេះចំពោះទូលបង្គំ នោះសូមព្រះអម្ចាស់ទទួលយកតង្វាយមួយចុះ ប៉ុន្តែ ប្រសិនបើមនុស្សជាអ្នកជំរុញព្រះករុណាវិញ សូមឲ្យពួកគេត្រូវបណ្ដាសានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតថ្ងៃនេះ ពួកគេបណ្ដេញទូលបង្គំមិនឲ្យរស់នៅលើទឹកដី ដែលព្រះអម្ចាស់ប្រទានមកប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក គឺហាក់ដូចជាចង់ដេញទូលបង្គំឲ្យទៅគោរពព្រះឯទៀត
20 តែទូលបង្គំមិនចង់ឲ្យគេបង្ហូរឈាមទូលបង្គំឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ឡើយ។ ព្រះមហាក្សត្រនៃជនជាតិអ៊ីស្រាអែលតាមធ្វើសឹកនឹងទូលបង្គំ ដែលគ្រាន់តែជាចៃមួយដ៏តូចប៉ុណ្ណោះ ព្រះករុណាដេញតាមទូលបង្គំ ដូចគេដេញបាញ់សត្វទទានៅលើភ្នំ»។
21 ព្រះបាទសូលមានរាជឱង្ការថា៖ «ដាវីឌ កូនអើយ បិតាខុសហើយ! ចូរវិលត្រឡប់មកវិញ បិតាឈប់ធ្វើបាបកូនទៀតហើយ ព្រោះថ្ងៃនេះ កូនបានទុកជីវិតឲ្យបិតា។ បិតាបានប្រព្រឹត្តដូចជាមនុស្សលេលា បិតាបានធ្វើខុសយ៉ាងធ្ងន់»។
22 លោកដាវីឌទូលថា៖ «នេះជាលំពែងរបស់ព្រះករុណា! សូមចាត់សេនាម្នាក់ឲ្យមកយកទៅវិញចុះ!
23 សូមព្រះអម្ចាស់ប្រព្រឹត្តចំពោះយើង តាមសេចក្ដីសុចរិត និងស្មោះត្រង់របស់យើងម្នាក់ៗ។ ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ តែទូលបង្គំមិនព្រមលើកដៃប្រហារស្ដេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកឡើយ។
24 ថ្ងៃនេះ ព្រះជន្មរបស់ព្រះករុណាមានតម្លៃចំពោះទូលបង្គំយ៉ាងណា សូមឲ្យជីវិតទូលបង្គំក៏មានតម្លៃនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់យ៉ាងនោះដែរ ហើយសូមព្រះអង្គរំដោះទូលបង្គំឲ្យរួចផុតពីគ្រោះកាចសព្វបែបយ៉ាង»។
25 ព្រះបាទសូលមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «ដាវីឌកូនអើយ សូមព្រះជាម្ចាស់ប្រទានពរដល់កូន! អ្វីៗទាំងប៉ុន្មានដែលកូនធ្វើ មុខជាបានសម្រេចពុំខាន!»។លោកដាវីឌក៏បន្តដំណើរទៅមុខទៀត រីឯព្រះបាទសូល ក៏វិលទៅកាន់ដំណាក់វិញដែរ។