1 លោកដាវីឌចាកចេញពីក្រុងកាថ ហើយភៀសខ្លួនទៅនៅរអាងភ្នំអាឌូឡាំ។ កាលបងប្អូន និងក្រុមគ្រួសាររបស់លោកទាំងប៉ុន្មានបានដឹង ពួកគេក៏នាំគ្នាទៅនៅទីនោះជាមួយលោក។
2 ម្យ៉ាងទៀត អស់អ្នកដែលមានបញ្ហាផ្សេងៗ អ្នកជំពាក់បំណុលគេ ព្រមទាំងអ្នកដែលមិនពេញចិត្តនឹងស្ដេច បានប្រមូលគ្នាមកនៅជាមួយលោក មានទាំងអស់ប្រមាណបួនរយនាក់ ហើយលោកក៏ឡើងធ្វើជាមេ។
3 បន្ទាប់មក លោកដាវីឌចាកចេញពីទីនោះឆ្ពោះទៅមីសប៉ា នៅស្រុកម៉ូអាប់។ លោកទូលស្ដេចស្រុកម៉ូអាប់ថា៖ «សូមមេត្តាអនុញ្ញាតឲ្យឪពុកម្ដាយរបស់ទូលបង្គំមកស្នាក់អាស្រ័យនៅក្នុងស្រុករបស់ព្រះករុណា រហូតដល់ពេលទូលបង្គំដឹងថា ព្រះជាម្ចាស់នឹងប្រព្រឹត្តយ៉ាងណាចំពោះទូលបង្គំ»។
4 លោកដាវីឌបាននាំឪពុកម្ដាយចូលគាល់ស្ដេចម៉ូអាប់ ហើយគាត់ទាំងពីរក៏ស្នាក់នៅជាមួយស្ដេច ក្នុងអំឡុងពេលលោកដាវីឌលាក់ខ្លួន។
5 ថ្ងៃមួយ ព្យាការីកាដមកជម្រាបលោកដាវីឌថា៖ «សូមកុំលាក់ខ្លួននៅទីនេះឡើយ សូមវិលត្រឡប់ទៅស្រុកយូដាវិញទៅ»។ ដូច្នេះ លោកដាវីឌក៏ធ្វើដំណើរឆ្ពោះទៅព្រៃហារេក។
6 ព្រះបាទសូលជ្រាបថា មានគេឃើញលោកដាវីឌ និងបក្សពួក។ ពេលនោះ ស្ដេចកំពុងគង់នៅភូមិគីបៀរ ក្រោមម្លប់ម៉ៃសាក់នៅលើភ្នំ ស្ដេចកាន់លំពែងមួយ ហើយរាជបម្រើទាំងប៉ុន្មានឈរនៅជុំវិញ។
7 ស្ដេចមានរាជឱង្ការទៅកាន់រាជបម្រើដែលឈរនៅក្បែរនោះថា៖ «កូនចៅបេនយ៉ាមីនអើយ! ចូរស្ដាប់យើង! តើកូនលោកអ៊ីសាយមានផ្ដល់ដីស្រែ និងចម្ការទំពាំងបាយជូរដល់អ្នកទាំងអស់គ្នា ដូចយើងដែរឬទេ? តើវាបានតែងតាំងអ្នករាល់គ្នា ឲ្យធ្វើជាមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឬទេ?
8 អ្នកទាំងអស់បានឃុបឃិតគ្នាប្រឆាំងនឹងយើង ហើយគ្មាននរណាម្នាក់ប្រាប់ឲ្យយើងដឹងថា បុត្ររបស់យើងបានចងសម្ពន្ធមេត្រីជាមួយកូនរបស់លោកអ៊ីសាយទេ។ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ឈឺឆ្អាលនឹងយើង ហើយប្រាប់យើងថា បុត្រយើងបានជំរុញអ្នកបម្រើរបស់យើងម្នាក់នោះ ឲ្យដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះឡើយ!»។
9 លោកដូអេក ជនជាតិអេដុម ដែលឈរនៅជាមួយរាជបម្រើរបស់ព្រះបាទសូល ទូលស្ដេចថា៖ «ទូលបង្គំបានឃើញកូនរបស់លោកអ៊ីសាយទៅភូមិណូប ជួបនឹងលោកអហ៊ីម៉ាឡេក ជាកូនរបស់លោកអហ៊ីទូប។
10 លោកអហ៊ីម៉ាឡេកបានទូលសួរព្រះអម្ចាស់ តាមសំណូមពររបស់ដាវីឌ។ លោកបានផ្ដល់ស្បៀងអាហារ និងឲ្យដាវរបស់កូលីយ៉ាតជាជនជាតិភីលីស្ទីន ទៅគាត់ផង»។
11 ព្រះបាទសូលចាត់គេឲ្យទៅហៅបូជាចារ្យអហ៊ីម៉ាឡេក ជាកូនរបស់លោកអហ៊ីទូប ព្រមទាំងក្រុមគ្រួសារទាំងមូលរបស់លោក និងក្រុមបូជាចារ្យ នៅភូមិណូបឲ្យមក។ ពួកគេក៏មកគាល់ស្ដេចទាំងអស់គ្នា។
12 ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរស្ដាប់! កូនរបស់លោកអហ៊ីទូប!»។ លោកបូជាចារ្យទូលថា៖ «ក្រាបទូល ព្រះករុណាជាអម្ចាស់»។
13 ស្ដេចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោកឃុបឃិតជាមួយកូនរបស់លោកអ៊ីសាយ ប្រឆាំងនឹងយើងដូច្នេះ? ហេតុអ្វីបានជាលោកផ្ដល់ស្បៀងអាហារ និងដាវ ហើយថែមទាំងទូលសួរព្រះជាម្ចាស់ តាមសំណូមពររបស់វា ដើម្បីជួយវាឲ្យបះបោរ ដាក់អន្ទាក់ប្រឆាំងនឹងយើង ដូចវាបានធ្វើនៅថ្ងៃនេះ?»។
14 លោកអហ៊ីម៉ាឡេកទូលស្ដេចថា៖ «ក្នុងចំណោមអ្នកបម្រើរបស់ព្រះករុណា តើមាននរណាស្មោះត្រង់ដូចលោកដាវីឌ? លោកជាកូនប្រសារបស់ព្រះករុណា ជាមេទ័ពនៃកងរក្សាព្រះមហាក្សត្រ និងជាអ្នកមានកិត្តិយសខ្ពង់ខ្ពស់ក្នុងវាំងផង។
15 ថ្ងៃនោះ មិនមែនជាថ្ងៃដំបូងបង្អស់ទេ ដែលទូលបង្គំទូលសួរព្រះជាម្ចាស់ជូនលោក។ ទូលបង្គំគ្មានគំនិតក្បត់ព្រះករុណាសោះ! សូមព្រះករុណាមេត្តាកុំទម្លាក់ទោសមកលើទូលបង្គំ ឬលើនរណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំពុំបានដឹងរឿងរ៉ាវទាំងនេះទេ ទោះបីរឿងតូច ឬធំក្ដី»។
16 ស្ដេចមានរាជឱង្ការថា៖ «អហ៊ីម៉ាឡេក! លោក និងក្រុមគ្រួសារទាំងមូលរបស់លោក ត្រូវតែស្លាប់!»។
17 ស្ដេចក៏បញ្ជាទៅកងរក្សា ដែលឈរនៅជុំវិញស្ដេចថា៖ «ចូរនាំគ្នាសម្លាប់ពួកបូជាចារ្យរបស់ព្រះអម្ចាស់ចោលទៅ ព្រោះពួកគេបានចូលដៃជាមួយដាវីឌដែរ គឺពួកគេដឹងថា ដាវីឌរត់គេចខ្លួន តែពួកគេមិនបានប្រាប់យើងទេ!»។ ប៉ុន្តែ រាជបម្រើរបស់ព្រះបាទសូល មិនព្រមលើកដៃសម្លាប់ពួកបូជាចារ្យរបស់ព្រះអម្ចាស់ឡើយ។
18 ស្ដេចមានរាជឱង្ការទៅកាន់លោកដូអេក ជាជនជាតិអេដុមថា៖ «ចូរសម្លាប់បូជាចារ្យទាំងនោះទៅ!»។ លោកដូអេកក៏ស្ទុះទៅសម្លាប់ពួកបូជាចារ្យ។ ថ្ងៃនោះ លោកដូអេកបានសម្លាប់មនុស្ស ដែលពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក អស់ចំនួនប៉ែតសិបប្រាំនាក់។
19 បន្ទាប់មក ព្រះបាទសូលកាប់សម្លាប់រង្គាលមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ព្រមទាំងគោ លា និងចៀមនៅភូមិណូប ដែលជាភូមិរបស់ពួកបូជាចារ្យ។
20 ប៉ុន្តែ លោកអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេក និងជាចៅរបស់លោកអហ៊ីទូប បានភៀសខ្លួនទៅជ្រកកោនជាមួយលោកដាវីឌ។
21 លោកអបៀថើរជម្រាបលោកដាវីឌថា ព្រះបាទសូលបានសម្លាប់រង្គាលពួកបូជាចារ្យរបស់ព្រះអម្ចាស់។
22 លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអបៀថើរថា៖ «ពីថ្ងៃមុន ពេលឃើញដូអេក ជាជនជាតិអេដុម នៅភូមិណូប ខ្ញុំដឹងថាគាត់ប្រាកដជាទៅរាយការណ៍ថ្វាយស្ដេចមិនខាន។ ដូច្នេះ រូបខ្ញុំនេះហើយដែលបានធ្វើឲ្យក្រុមគ្រួសាររបស់លោកស្លាប់ទាំងអស់គ្នា។
23 ឥឡូវនេះ សូមលោកនៅជាមួយខ្ញុំសិនហើយ កុំភ័យខ្លាចអ្វី ដ្បិតអ្នកដែលចង់ប្រហារជីវិតខ្ញុំ ក៏ចង់ប្រហារជីវិតលោកដែរ បើនៅជាមួយខ្ញុំ លោកនឹងបានសេចក្ដីសុខ»។