1 ជនជាតិភីលីស្ទីនបានប្រមូលផ្ដុំទ័ពទាំងមូលរបស់ពួកគេ នៅអាផេក។ ចំណែកឯពួកអ៊ីស្រាអែលវិញ បោះទ័ពជិតប្រភពទឹក នៅយេសរាល។
2 ពួកស្ដេចត្រាញ់នៃជនជាតិភីលីស្ទីនបាននាំកងពលតូច និងកងពលធំដើរទៅមុខ រីឯលោកដាវីឌ និងទាហានរបស់លោក នាំគ្នាហែហមព្រះបាទអគីសនៅខាងក្រោយ។
3 ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ព្រះបាទអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ដាវីឌទេឬ? គាត់ជាអ្នកបម្រើរបស់សូល ជាស្ដេចនៃជនជាតិអ៊ីស្រាអែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។
4 ពួកមេដឹកនាំនៃជនជាតិភីលីស្ទីនខឹងនឹងព្រះបាទអគីស ហើយទូលថា៖ «សូមព្រះករុណាដេញជននេះឲ្យវិលត្រឡប់ទៅក្រុង ដែលស្ដេចបានឲ្យគេស្នាក់នៅនោះវិញទៅ! មិនត្រូវឲ្យគេចេញទៅច្បាំងជាមួយពួកយើងឡើយ ព្រោះគេអាចបែរខ្នងមកប្រឆាំងនឹងយើងវិញ ក្នុងពេលកំពុងច្បាំង។ ជននេះមុខជាបំពេញចិត្តចៅហ្វាយចាស់របស់គេ ដោយសម្លាប់ទាហានរបស់យើង។
5 គឺលោកដាវីឌនេះហើយ ដែលគេច្រៀងឆ្លើយឆ្លងគ្នាថា:“ព្រះបាទសូលប្រហារបានរាប់ពាន់នាក់រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់”»។
6 ព្រះបាទអគីសក៏ហៅលោកដាវីឌមក ហើយមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា លោកពិតជាមនុស្សត្រឹមត្រូវមែន។ យើងពេញចិត្តនឹងឲ្យលោកចេញទៅច្បាំងជាមួយយើង ព្រោះតាំងពីពេលលោកស្នាក់នៅនឹងយើងរហូតដល់ពេលនេះ យើងពុំដែលឃើញលោកប្រព្រឹត្តអ្វីខុសឆ្គងឡើយ។ ប៉ុន្តែ ពួកស្ដេចត្រាញ់ឯទៀតៗនៃជនជាតិភីលីស្ទីន ពុំពេញចិត្តនឹងលោកទេ។
7 ដូច្នេះ សូមលោកវិលត្រឡប់ទៅផ្ទះវិញឥឡូវនេះចុះ។ សូមអញ្ជើញទៅដោយសុខសាន្ត មិនត្រូវធ្វើឲ្យស្ដេចត្រាញ់ទាំងនោះទាស់ចិត្តឡើយ»។
8 លោកដាវីឌទូលព្រះបាទអគីសថា៖ «បពិត្រព្រះករុណាជាអម្ចាស់ តើទូលបង្គំធ្វើអ្វីខ្លះ? ចាប់តាំងពីពេលទូលបង្គំមកបម្រើព្រះករុណា រហូតដល់ពេលនេះ តើទ្រង់ទតឃើញថា ទូលបង្គំមានកំហុសអ្វីខ្លះដែរ បានជាទូលបង្គំមិនអាចចេញទៅច្បាំងនឹងសត្រូវរបស់ព្រះករុណាដូច្នេះ?»។
9 ព្រះបាទអគីសមានរាជឱង្ការមកកាន់លោកដាវីឌថា៖ «យើងដឹងហើយ យើងពេញចិត្តនឹងលោក ដូចពេញចិត្តនឹងទេវតារបស់ព្រះជាម្ចាស់ ប៉ុន្តែ ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនបានសម្រេចថា មិនឲ្យលោកចេញទៅច្បាំងរួមជាមួយពួកយើងឡើយ។
10 ដូច្នេះ លោក និងទាហានរបស់ស្ដេចសូលដែលនៅជាមួយលោក ត្រូវក្រោកឡើងពីព្រលឹម ហើយនាំគ្នាចេញដំណើរទៅ នៅពេលថ្ងៃរះ»។
11 ព្រឹកឡើងលោកដាវីឌ ព្រមទាំងអស់អ្នកដែលនៅជាមួយលោក ក្រោកពីព្រលឹម វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ ចំណែកឯកងទ័ពភីលីស្ទីននាំគ្នាចេញដំណើរទៅដល់យេសរាល។