1 នៅគ្រានោះ លោកសាំយូអែលទទួលមរណភាព។ ប្រជាជនអ៊ីស្រាអែលទាំងមូលបានមកជួបជុំគ្នា ធ្វើពិធីកាន់ទុក្ខសពលោក។ គេយកសពលោកទៅបញ្ចុះក្នុងភូមិដ្ឋានរបស់លោកនៅរ៉ាម៉ា។បន្ទាប់មក លោកដាវីឌចេញដំណើរឆ្ពោះទៅវាលរហោស្ថានបារ៉ាសនវិញ។
2 នៅម៉ាអូន មានមហាសេដ្ឋីមួយរូប ដែលមានដីធ្លីនៅភូមិកើមែល។ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងតែកាត់រោមចៀមនៅភូមិកើមែល។
3 បុរសនោះឈ្មោះណាបាល ភរិយាគាត់ឈ្មោះនាងអប៊ីកែល ដែលជាស្ត្រីម្នាក់មានប្រាជ្ញាវាងវៃ រូបសម្ផស្សស្រស់ល្អ រីឯប្ដីនាងជាមនុស្សកំរោល និងមានចិត្តឃោរឃៅ។ គាត់ជាមនុស្សក្នុងអំបូរកាលែប។
4 ពេលលោកដាវីឌនៅវាលរហោស្ថាន លោកបានឮដំណឹងថា លោកណាបាលកំពុងតែកាត់រោមចៀម។
5 លោកដាវីឌចាត់យុវជនដប់នាក់ឲ្យទៅជួបលោកណាបាល ទាំងប្រាប់ថា៖ «ចូរនាំគ្នាទៅផ្ទះលោកណាបាលនៅភូមិកើមែល ហើយសួរសុខទុក្ខលោកឲ្យខ្ញុំផង។ ត្រូវជម្រាបលោកថា
6 “សូមឲ្យលោកមានអាយុវែង ប្រកបដោយសេចក្ដីសុខ! ហើយសូមឲ្យក្រុមគ្រួសារលោក និងអ្វីៗជារបស់លោកបានប្រកបដោយសេចក្ដីសុខដែរ!
7 ខ្ញុំដឹងថា លោកបានហៅគេមកកាត់រោមចៀម នៅផ្ទះលោក។ ពេលពួកគង្វាលរបស់លោកស្នាក់នៅជាមួយយើង យើងមិនដែលប្រព្រឹត្តអំពើអាក្រក់ណាមួយចំពោះពួកគេឡើយ ហើយក្នុងពេលពួកគេស្នាក់នៅឯភូមិកើមែល នោះក៏មិនដែលបាត់បង់អ្វីដែរ។
8 លោកអាចសាកសួរកូនចៅរបស់លោកក៏បាន ពួកគេនឹងជម្រាបការពិតជូនលោក។ ដូច្នេះ សូមលោកអាណិតមេត្តាពួកយុវជនរបស់ខ្ញុំ ដែលមកជួបលោកនៅថ្ងៃបុណ្យនេះផង។ សូមលោកមេត្តាចែករំលែកអ្វីៗដែលលោកមានឲ្យពួកខ្ញុំប្របាទ និងឲ្យខ្ញុំ ដាវីឌ ដែលជាកូនចៅរបស់លោកផង”»។
9 ពេលពួកយុវជនទៅដល់ ពួកគេក៏រៀបរាប់ពាក្យទាំងនេះជម្រាបលោកណាបាល ក្នុងនាមលោកដាវីឌ រួចពួកគេរង់ចាំចម្លើយ។
10 លោកណាបាលឆ្លើយតបថា៖ «តើដាវីឌនោះជានរណា? តើកូនលោកអ៊ីសាយនោះជាស្អី? សព្វថ្ងៃនេះ សម្បូណ៌ខ្ញុំកញ្ជះរត់ចេញពីម្ចាស់របស់ខ្លួនណាស់!
11 តើគួរឲ្យអញយកនំប៉័ង យកទឹក និងសាច់ ដែលអញបានបម្រុងទុកសម្រាប់ពួកអ្នកកាត់រោមចៀម ទៅឲ្យមនុស្សដែលអញមិនដឹងថា មកពីណាផងនោះឬ?»។
12 ពួកយុវជនត្រឡប់ទៅវិញ រៀបរាប់ហេតុការណ៍ទាំងអស់ជម្រាបលោកដាវីឌ។
13 លោកដាវីឌក៏បញ្ជាទៅអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរយកដាវគ្រប់ៗគ្នាមក!»។ ពួកគេយកដាវមកសៀតនៅចង្កេះ ហើយលោកដាវីឌក៏សៀតដាវនៅចង្កេះដែរ។ លោកនាំមនុស្សប្រមាណបួនរយនាក់ចេញទៅជាមួយ ហើយទុកពីររយនាក់ទៀតឲ្យនៅរក្សារបស់របរ។
14 មានអ្នកបម្រើម្នាក់របស់លោកណាបាលរត់មកជម្រាបនាងអប៊ីកែល ជាភរិយារបស់ម្ចាស់ខ្លួនថា៖ «លោកដាវីឌបានចាត់អ្នកនាំសារពីវាលរហោស្ថាន ឲ្យមកសួរសុខទុក្ខលោកម្ចាស់របស់យើង តែលោកបានជេរប្រមាថពួកគេ។
15 តាមពិត ពួកគេល្អនឹងយើងណាស់ ពួកគេមិនដែលប្រព្រឹត្តអ្វីអាក្រក់ចំពោះយើងទេ ហើយក្នុងពេលយើងនៅជាមួយពួកគេ ឯទីវាលនោះ យើងពុំដែលបាត់បង់អ្វីឡើយ។
16 ពួកគេប្រៀបដូចជាកំពែងការពារយើង ទាំងថ្ងៃ ទាំងយប់ ក្នុងអំឡុងពេលយើងឃ្វាលចៀមនៅជិតពួកគេ។
17 ឥឡូវនេះ សូមអ្នកស្រីគិតគូរពិចារណាមើលថា តើអ្នកស្រីត្រូវធ្វើយ៉ាងណា ដ្បិតមហន្តរាយមុខជាកើតមានដល់លោកម្ចាស់ និងក្រុមគ្រួសារទាំងមូលមិនខាន។ លោកម្ចាស់យើងមានចរិតអាក្រក់ណាស់ គ្មាននរណាអាចនិយាយជាមួយលោកបានទេ»។
18 នាងអប៊ីកែលប្រញាប់ប្រញាល់យកនំប៉័ងពីររយដុំ ស្រាទំពាំងបាយជូរពីរថង់ស្បែក ចៀមដែលគេរៀបចំជាស្រេចចំនួនប្រាំក្បាល លាជប្រាំតៅ ទំពាំងបាយជូរក្រៀមមួយរយកញ្ចប់ និងនំផ្លែឧទុម្ពរក្រៀមពីររយ ផ្ទុកលើខ្នងលា
19 រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាលជាប្ដីឲ្យដឹងទេ។
20 នាងបានជិះលាសសៀរចុះតាមភ្នំ។ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយ ក៏ចុះតម្រង់មករកនាងដែរ នាងជួបប្រទះពួកគេ។
21 លោកដាវីឌទើបនឹងគិតថា៖ «ខ្ញុំខំការពារទ្រព្យទាំងប៉ុន្មានរបស់អ្នកនោះនៅវាលរហោស្ថាន មិនឲ្យអ្វីមួយបាត់បង់ឡើយ តែគ្មានបានផលប្រយោជន៍អ្វីទាំងអស់ គឺគាត់បែរជាប្រព្រឹត្តអាក្រក់តបនឹងអំពើល្អ ដែលខ្ញុំបានធ្វើចំពោះគេ។
22 ដូច្នេះ បើខ្ញុំទុកជីវិតមនុស្សប្រុសណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ណាបាល ឲ្យនៅរស់រហូតដល់ព្រឹកស្អែក សូមព្រះជាម្ចាស់ដាក់ទោសខ្ញុំយ៉ាងធ្ងន់ធ្ងរចុះ»។
23 ពេលនាងអប៊ីកែលឃើញលោកដាវីឌ នាងចុះពីលើខ្នងលាយ៉ាងប្រញាប់ រួចក្រាបថ្វាយបង្គំលោកដាវីឌអោនមុខដល់ដី។
24 នាងក្រាបសំពះបាតជើងលោក ហើយពោលថា៖ «លោកម្ចាស់! នេះជាកំហុសរបស់នាងខ្ញុំទេ! សូមលោកម្ចាស់អនុញ្ញាតឲ្យនាងខ្ញុំជម្រាបសិន សូមមេត្តាស្ដាប់ពាក្យរបស់នាងខ្ញុំផង!
25 សូមលោកម្ចាស់កុំរវល់នឹងលោកណាបាល ជាមនុស្សមានចរិតអាក្រក់នោះធ្វើអ្វី ដ្បិតគាត់មានអត្តចរិតដូចឈ្មោះរបស់គាត់មែន។ គាត់ឈ្មោះណាបាល ជាមនុស្សឥតដឹងខុសត្រូវ។ រីឯនាងខ្ញុំវិញ នាងខ្ញុំពុំបានជួបពួកយុវជន ដែលលោកម្ចាស់ចាត់ឲ្យទៅនោះទេ។
26 លោកម្ចាស់អើយ ឥឡូវនេះ នាងខ្ញុំសូមជម្រាបលោកក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកម្ចាស់ផ្ទាល់ ដែលមានជីវិតរស់នៅថា ព្រះអម្ចាស់បានឃាត់លោកមិនឲ្យទៅបង្ហូរឈាម ដើម្បីសងសឹក ដោយដៃរបស់លោកម្ចាស់ផ្ទាល់ឡើយ។ សូមឲ្យខ្មាំងសត្រូវរបស់លោកម្ចាស់ ព្រមទាំងអស់អ្នកដែលចង់ធ្វើអាក្រក់ចំពោះលោកម្ចាស់ ទទួលទោសដូចលោកណាបាលដែរ។
27 សូមមេត្តាទទួលយកជំនូន ដែលនាងខ្ញុំនាំយកមកជូនលោកម្ចាស់ ចែកឲ្យពួកយុវជនដែលមកជាមួយលោកម្ចាស់ផងចុះ។
28 សូមលោកមេត្តាអត់ទោសឲ្យនាងខ្ញុំផង។ ព្រះអម្ចាស់ប្រាកដជាប្រោសប្រទានរាជសម្បត្តិដ៏គង់វង្សជូនលោក ដ្បិតលោកម្ចាស់ចូលរួមធ្វើសង្គ្រាមរបស់ព្រះអម្ចាស់។ ម្យ៉ាងទៀត អស់មួយជីវិតរបស់លោកម្ចាស់ គ្មាននរណាឃើញថាលោកប្រព្រឹត្តអំពើអាក្រក់ណាមួយឡើយ។
29 មានគេប្រឆាំង តាមព្យាបាទ និងរកប្រហារជីវិតលោកម្ចាស់ តែព្រះអម្ចាស់ ជាព្រះរបស់លោក នឹងការពារជីវិតលោកជានិច្ច មិនឲ្យលោកឃ្លាតឆ្ងាយពីព្រះអង្គឡើយ។ រីឯជីវិតខ្មាំងសត្រូវរបស់លោកវិញ ព្រះអង្គបោះចោលទៅឆ្ងាយ ដូចគេបាញ់ខ្សែដង្ហក់។
30 នៅពេលព្រះអម្ចាស់ប្រោសប្រទានពរទាំងប៉ុន្មានដល់លោកម្ចាស់ ដូចទ្រង់បានសន្យា គឺនៅពេលព្រះអង្គតែងតាំងលោកជាមគ្គុទេ្ទសក៍លើប្រជាជនអ៊ីស្រាអែល
31 លោកម្ចាស់មិនត្រូវសោកស្ដាយ ឬមានវិប្បដិសារី ព្រោះបានបង្ហូរឈាមមនុស្សម្នាក់ដោយឥតហេតុផល និងបានសងសឹកដោយផ្ទាល់ដៃឡើយ។ កាលណាព្រះអម្ចាស់ប្រោសប្រទានពរលោកហើយ សូមលោកម្ចាស់នឹកដល់នាងខ្ញុំផង»។
32 លោកដាវីឌតបទៅនាងអប៊ីកែលវិញថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលបានចាត់នាងឲ្យមកជួបខ្ញុំ នៅថ្ងៃនេះ។
33 សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានឲ្យនាងមានយោបល់ល្អ។ សូមព្រះជាម្ចាស់ប្រទានពរដល់នាង ព្រោះថ្ងៃនេះ នាងបានឃាត់ខ្ញុំមិនឲ្យបង្ហូរឈាម និងសងសឹកដោយផ្ទាល់ដៃ។
34 ព្រះអម្ចាស់ពិតជាឃាត់ខ្ញុំមិនឲ្យធ្វើបាបនាងមែន ដ្បិតប្រសិនបើនាងមិនប្រញាប់ប្រញាល់មកជួបខ្ញុំទេ នោះខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលមានព្រះជន្មគង់នៅថា ពេលថ្ងៃរះ មុខជាគ្មានបុរសណាម្នាក់ ក្នុងក្រុមគ្រួសាររបស់លោកណាបាល នៅមានជីវិតឡើយ»។
35 លោកដាវីឌសុខចិត្តទទួលយកជំនូន ដែលនាងអប៊ីកែលនាំយកមកជូន រួចលោកមានប្រសាសន៍ថា៖ «សូមនាងវិលត្រឡប់ទៅផ្ទះវិញ ដោយសុខសាន្តចុះ ខ្ញុំស្ដាប់តាមពាក្យអង្វររបស់នាងហើយ ខ្ញុំនឹងធ្វើតាមពាក្យរបស់នាង!»។
36 ពេលនាងអប៊ីកែលទៅដល់ផ្ទះវិញ នាងឃើញលោកណាបាលកំពុងធ្វើពិធីជប់លៀងយ៉ាងធំមួយ ដូចពិធីជប់លៀងរបស់ស្ដេច។ លោកណាបាលសប្បាយចិត្តក្រៃលែង ហើយស្រវឹងយ៉ាងខ្លាំងទៀត ហេតុនេះ នាងពុំបាននិយាយអ្វីមួយម៉ាត់ប្រាប់លោក រហូតដល់ថ្ងៃរះ។
37 លុះព្រឹកឡើង ពេលលោកស្វាងស្រា ភរិយារបស់លោករៀបរាប់ប្រាប់នូវហេតុការណ៍ដែលកើតមាន។ ឮដូច្នោះ លោកណាបាលក៏គាំងបេះដូងដេកស្ដូកនៅមួយកន្លែង។
38 ប្រមាណជាដប់ថ្ងៃក្រោយមក ព្រះអម្ចាស់បានប្រហារលោក ហើយលោកក៏ទទួលមរណភាព។
39 កាលលោកដាវីឌឮដំណឹងថាលោកណាបាលស្លាប់ លោកពោលថា៖ «សូមអរព្រះគុណព្រះអម្ចាស់ដែលរកយុត្តិធម៌ឲ្យខ្ញុំ នៅពេលលោកណាបាលជេរប្រមាថខ្ញុំ ហើយព្រះអង្គបានឃាត់ខ្ញុំមិនឲ្យប្រព្រឹត្តអំពើអាក្រក់។ ព្រះអម្ចាស់បានធ្វើឲ្យអំពើអាក្រក់នេះធ្លាក់ទៅលើក្បាលលោកណាបាលវិញ»។បន្ទាប់មក លោកដាវីឌចាត់គេឲ្យទៅស្នើនាងអប៊ីកែលមកធ្វើជាភរិយា។
40 ពួកអ្នកបម្រើរបស់លោកដាវីឌទៅដល់ផ្ទះនាងអប៊ីកែល នៅភូមិកើមែល ហើយពោលទៅនាងថា៖ «លោកដាវីឌចាត់យើងខ្ញុំឲ្យមកជួបអ្នកស្រី ដើម្បីស្នើអ្នកស្រីធ្វើជាភរិយារបស់លោក»។
41 នាងអប៊ីកែលក្រោកឡើង ហើយក្រាបចុះ អោនមុខដល់ដី ទាំងឆ្លើយថា៖ «នាងខ្ញុំនេះជាទាសី ដើម្បីលាងជើងជូនពួកអ្នកបម្រើរបស់លោកម្ចាស់»។
42 នាងប្រញាប់ប្រញាល់ក្រោកឡើង ជិះលាចេញទៅ ដោយមានក្មេងបម្រើស្រីប្រាំនាក់ទៅជាមួយ។ នាងទៅតាមពួកអ្នកនាំសាររបស់លោកដាវីឌ រួចធ្វើជាភរិយាលោក។
43 ពីមុន លោកដាវីឌក៏បានរៀបការជាមួយនាងអហ៊ីណោម ជាអ្នកស្រុកយេសរាលដែរ។ ដូច្នេះ នាងអហ៊ីណោម និងនាងអប៊ីកែល ទាំងពីរនាក់សុទ្ធតែជាភរិយារបស់លោក។
44 រីឯភរិយាទីមួយរបស់លោកដាវីឌ គឺព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូល នោះបានត្រូវបិតាយកទៅរៀបការជាមួយលោកប៉ាល់ធី ជាកូនរបស់លោកឡាអ៊ីស ជាអ្នកស្រុកកាលីមវិញ។