12 មានអ្នកស្រុកម្នាក់ពោលឡើងថា៖ «តើគ្រូបាធ្យាយ របស់ពួកនេះនៅឯណា?»។ ហេតុនេះបានជាមានពាក្យស្លោកថា «សូលចូលក្រុមព្យាការីដែរតើ!»។
13 កាលលោកសូលដឹងស្មារតីឡើងវិញ លោកអញ្ជើញទៅកន្លែងសក្ការៈនៅទួលខ្ពស់។
14 ឪពុកមារបស់លោកសូលសួរលោក និងអ្នកបម្រើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបលោកសាំយូអែល»។
15 ឪពុកមារបស់លោកសូលពោលទៀតថា៖ «រៀបរាប់ប្រាប់មាមើល៍ លោកសាំយូអែលមានប្រសាសន៍ប្រាប់ពួកឯងអំពីអ្វីខ្លះ»។
16 លោកសូលតបទៅឪពុកមាវិញថា៖ «លោកបញ្ជាក់ប្រាប់ពួកខ្ញុំថា លាទាំងនោះ គេរកឃើញហើយ»។ លោកសូលមិនបានរៀបរាប់ប្រាប់ឪពុកមាអំពីរាជសម្បត្តិ ដែលលោកសាំយូអែលមានប្រសាសន៍នោះឡើយ។
17 លោកសាំយូអែលបានកោះហៅប្រជាជនមកប្រជុំគ្នានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា។
18 លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “អ៊ីស្រាអែលអើយ យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងពីកណ្ដាប់ដៃរបស់នគរទាំងប៉ុន្មានដែលសង្កត់សង្កិនអ្នករាល់គ្នា”។