9 ពេលលោកសូលចាកចេញពីលោកសាំយូអែលទៅ ព្រះជាម្ចាស់ផ្លាស់ប្ដូរចិត្តគំនិតលោក ហើយទីសម្គាល់ទាំងប៉ុន្មានក៏កើតមាននៅថ្ងៃនោះដែរ។
10 កាលលោកសូល និងអ្នកបម្រើទៅដល់ភូមិគីបៀរ ព្យាការីមួយក្រុមមកជួបលោក។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោក ហើយលោកស្លុងស្មារតីស្រែកច្រៀង និងរាំក្នុងចំណោមពួកព្យាការី។
11 អស់អ្នកដែលធ្លាប់ស្គាល់លោកសូល ឃើញលោកស្លុងស្មារតី ស្រែកច្រៀង និងរាំជាមួយពួកព្យាការី គេក៏សាកសួរគ្នាទៅវិញទៅមកថា «តើមានកើតអ្វីចំពោះកូនប្រុសលោកគីស? សូលចូលក្រុមព្យាការីដែរតើ!»។
12 មានអ្នកស្រុកម្នាក់ពោលឡើងថា៖ «តើគ្រូបាធ្យាយ របស់ពួកនេះនៅឯណា?»។ ហេតុនេះបានជាមានពាក្យស្លោកថា «សូលចូលក្រុមព្យាការីដែរតើ!»។
13 កាលលោកសូលដឹងស្មារតីឡើងវិញ លោកអញ្ជើញទៅកន្លែងសក្ការៈនៅទួលខ្ពស់។
14 ឪពុកមារបស់លោកសូលសួរលោក និងអ្នកបម្រើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបលោកសាំយូអែល»។
15 ឪពុកមារបស់លោកសូលពោលទៀតថា៖ «រៀបរាប់ប្រាប់មាមើល៍ លោកសាំយូអែលមានប្រសាសន៍ប្រាប់ពួកឯងអំពីអ្វីខ្លះ»។