១ សាំយូ‌អែល 11:1-4 KHSV

1 ព្រះ‌បាទ​ណាហាស ជា​ជន‌ជាតិ​អាំ‌ម៉ូន បាន​លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ។ អ្នក​ក្រុង​យ៉ាបេស​ទាំង​អស់​ទូល​ព្រះ‌បាទ​ណាហាស​ថា៖ «សូម​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​សុខ​ចិត្ត​បម្រើ​ព្រះ‌រាជា​ហើយ»។

2 ព្រះ‌បាទ​ណាហាស ជា​ជន‌ជាតិ​អាំ‌ម៉ូន មាន​រាជ‌ឱង្ការ​ថា៖ «យើង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​អ្នក​រាល់​គ្នា​បាន ទាល់​តែ​អ្នក​រាល់​គ្នា​យល់​ព្រម​នឹង​លក្ខ‌ខណ្ឌ​នេះ គឺ​ឲ្យ​យើង​ខ្វេះ​ភ្នែក​ស្ដាំ​របស់​អ្នក​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​អាម៉ាស់»។

3 អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៅ​ក្រុង​យ៉ាបេស​ទូល‌អង្វរ​ថា៖ «សូម​ព្រះ‌ករុណា​ពន្យារ​ពេល​ឲ្យ​យើង​ខ្ញុំ​ប្រាំ‌ពីរ​ថ្ងៃ​សិន យើង​ខ្ញុំ​នឹង​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រា‌អែល។ បើ​សិន​ជា​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ខ្ញុំ​ទេ​នោះ យើង​ខ្ញុំ​នឹង​ប្រគល់​ខ្លួន​ថ្វាយ​ព្រះ‌ករុណា»។

4 អ្នក​នាំ​សារ​ទាំង​នោះ​ទៅ​ដល់​ភូមិ​គីបៀរ ជា​ភូមិ​ដែល​ព្រះ‌បាទ​សូល​គង់​នៅ ហើយ​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ឲ្យ​ប្រជា‌ជន​ស្ដាប់ ប្រជា‌ជន​ទាំង​មូល​ក៏​នាំ​គ្នា​ស្រែក​ទ្រហោ​យំ។