១ សាំយូ‌អែល 11:5-11 KHSV

5 គាប់​ជួន​ពេល​នោះ ព្រះ‌បាទ​សូល​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ ដើរ​ពី​ក្រោយ​គោ ស្ដេច​សួរ​គេ​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ប្រជា‌ជន​យំ​ដូច្នេះ?»។ គេ​ក៏​រៀប​រាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អ្នក​ស្រុក​យ៉ាបេស​និយាយ​ប្រាប់។

6 កាល​ស្ដេច​ឮ​ពាក្យ​ទាំង​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​មក​សណ្ឋិត​លើ​ស្ដេច ហើយ​ស្ដេច​ខ្ញាល់​យ៉ាង​ខ្លាំង។

7 ព្រះ‌បាទ​សូល​យក​គោ​មួយ​នឹម​មក​កាប់​ជា​ដុំៗ ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល តាម​រយៈ​ពួក​អ្នក​នាំ​សារ ដោយ​ផ្ដាំ​ថា៖ «បើ​នរណា​ម្នាក់​មិន​ចេញ​ច្បាំង​រួម​ជា​មួយ​សូល និង​លោក​សាំយូ‌អែល​ទេ គោ​របស់​អ្នក​នោះ​នឹង​ត្រូវ​កាប់​ជា​ដុំៗ​ដូច្នេះ​ដែរ»។ ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​ប្រជា‌ជន​ភ័យ​ខ្លាច​ព្រះ‌អង្គ ពួក​គេ​ក៏​ចេញ​ទៅ​ច្បាំង ដោយ​ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់។

8 ព្រះ‌បាទ​សូល​ត្រួត​ពល​នៅ​ក្រុង​បេសេក ហើយ​ឃើញ​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់​មាន​ចំនួន​៣០០ ០០០​នាក់ និង​ទ័ព​យូដា​មាន​ចំនួន​៣០ ០០០​នាក់។

9 គេ​ប្រាប់​ទៅ​អ្នក​នាំ​សារ​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ចូរ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស​នៅ​ស្រុក​កាឡាដ​ថា ស្អែក ពេល​ថ្ងៃ​រះ​ពេញ​កម្ដៅ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា»។ អ្នក​នាំ​សារ​យក​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

10 អ្នក​ក្រុង​យ៉ាបេស​ពោល​ទៅ​កាន់​ជន‌ជាតិ​អាំ‌ម៉ូន​ថា៖ «ស្អែក យើង​ខ្ញុំ​នឹង​ចេញ​មក​ប្រគល់​ខ្លួន​ជូន​ពួក​លោក​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ពួក​លោក​យល់​ឃើញ​ចុះ»។

11 ស្អែក​ឡើង ព្រះ‌បាទ​សូល​រៀបចំ​ទ័ព​ជា​បី​កង រួច​សម្រុក​ចូល​ទី​តាំង​ទ័ព​ពួក​អាំ‌ម៉ូន តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​វាយ​ប្រហារ​ខ្មាំង​រហូត​ដល់​ថ្ងៃ​ពេញ​កម្ដៅ។ រីឯ​ខ្មាំង​ដែល​នៅ​សេស‌សល់ រត់​ខ្ចាត់‌ខ្ចាយ​បែក​គ្នា​អស់។