១ សាំយូ‌អែល 19:10-16 KHSV

10 រំពេច​នោះ ព្រះ‌បាទ​សូល​ចង់​ប្រហារ​លោក​ដាវីឌ ដោយ​គប់​លំពែង​ភ្ជាប់​លោក​ទៅ​នឹង​ជញ្ជាំង តែ​លោក​ដាវីឌ​គេច​ផុត ហើយ​លំពែង​នោះ​ដោត​ជាប់​នឹង​ជញ្ជាំង។ លោក​ដាវីឌ​រត់​គេច​ខ្លួន​នៅ​យប់​នោះ។

11 ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ផ្ទះ​លោក​ដាវីឌ ឃ្លាំ​ចាំ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ ប៉ុន្តែ ព្រះ‌នាង​មិកាល់​ជា​ភរិយា ជម្រាប​លោក​ថា៖ «បើ​សិន​ជា​បង​មិន​រត់​នៅ​យប់​នេះ​ទេ ស្អែក បង​មុខ​ជា​ស្លាប់​មិន​ខាន»។

12 ព្រះ‌នាង​សម្រូត​លោក​ចុះ​តាម​បង្អួច ហើយ​លោក​រត់​គេច​ខ្លួន ដើម្បី​ឲ្យ​រួច​ជីវិត។

13 បន្ទាប់​មក ព្រះ‌នាង​មិកាល់​យក​រូប​បដិមា​មួយ​មក​ដាក់​លើ​គ្រែ ព្រម​ទាំង​យក​ស្បែក​ពពែ​មក​ដាក់​លើ​ខ្នើយ និង​យក​ភួយ​មក​ដណ្ដប់​ឲ្យ​ផង។

14 នៅ​ពេល​ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​លោក​ដាវីឌ​នោះ ព្រះ‌នាង​មិកាល់​ប្រាប់​ថា៖ «លោក​ឈឺ»។

15 ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​វិល​ទៅ​រក​លោក​ដាវីឌ​វិញ ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​សែង​ទាំង​គ្រែ នាំ​គេ​យក​មក ដើម្បី​ឲ្យ​យើង​សម្លាប់​ចោល!»។

16 ពួក​ទាហាន​វិល​ទៅ​វិញ ហើយ​ឃើញ​តែ​រូប​បដិមា​នៅ​លើ​គ្រែ និង​ស្បែក​ពពែ​នៅ​លើ​ខ្នើយ។