12 ព្រះនាងសម្រូតលោកចុះតាមបង្អួច ហើយលោករត់គេចខ្លួន ដើម្បីឲ្យរួចជីវិត។
13 បន្ទាប់មក ព្រះនាងមិកាល់យករូបបដិមាមួយមកដាក់លើគ្រែ ព្រមទាំងយកស្បែកពពែមកដាក់លើខ្នើយ និងយកភួយមកដណ្ដប់ឲ្យផង។
14 នៅពេលព្រះបាទសូលចាត់ទាហានឲ្យទៅចាប់លោកដាវីឌនោះ ព្រះនាងមិកាល់ប្រាប់ថា៖ «លោកឈឺ»។
15 ព្រះបាទសូលចាត់ទាហានឲ្យវិលទៅរកលោកដាវីឌវិញ ដោយមានរាជឱង្ការថា៖ «ចូរសែងទាំងគ្រែ នាំគេយកមក ដើម្បីឲ្យយើងសម្លាប់ចោល!»។
16 ពួកទាហានវិលទៅវិញ ហើយឃើញតែរូបបដិមានៅលើគ្រែ និងស្បែកពពែនៅលើខ្នើយ។
17 ព្រះបាទសូលសួរព្រះនាងមិកាល់ថា៖ «ហេតុដូចម្ដេចបានជាឯងបញ្ឆោតបិតាបែបនេះ? ហេតុដូចម្ដេចបានជាឯងទុកឲ្យសត្រូវរបស់បិតារត់រួច?»។ ព្រះនាងមិកាល់ទូលថា៖ «គឺគាត់ទេតើដែលប្រាប់ខ្ញុំម្ចាស់ថា “ទុកឲ្យអញទៅចុះ! បើមិនដូច្នោះទេ អញនឹងសម្លាប់ឯងចោល”»។
18 ពេលនោះ លោកដាវីឌរត់គេចខ្លួន ទៅជ្រកជាមួយលោកសាំយូអែលនៅភូមិរ៉ាម៉ា ហើយរៀបរាប់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះបាទសូលបានប្រព្រឹត្តចំពោះរូបលោក។ បន្ទាប់មក លោកទាំងពីរនាំគ្នាទៅនៅកន្លែងមួយ ឈ្មោះណាយ៉ូត។