18 ពេលនោះ លោកដាវីឌរត់គេចខ្លួន ទៅជ្រកជាមួយលោកសាំយូអែលនៅភូមិរ៉ាម៉ា ហើយរៀបរាប់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះបាទសូលបានប្រព្រឹត្តចំពោះរូបលោក។ បន្ទាប់មក លោកទាំងពីរនាំគ្នាទៅនៅកន្លែងមួយ ឈ្មោះណាយ៉ូត។
19 មានគេទូលព្រះបាទសូលថា លោកដាវីឌទៅនៅណាយ៉ូត ជិតភូមិរ៉ាម៉ា។
20 ព្រះបាទសូលចាត់ទាហានឲ្យទៅចាប់លោកដាវីឌ។ កាលពួកគេទៅដល់ ឃើញក្រុមព្យាការីដែលមានលោកសាំយូអែលជាអ្នកនាំមុខ កំពុងស្លុងស្មារតី ស្រែកច្រៀង និងរាំ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើទាហានទាំងនោះ ធ្វើឲ្យពួកគេស្លុងស្មារតី ស្រែកច្រៀង និងរាំដែរ។
21 មានគេនាំដំណឹងនេះទៅទូលព្រះបាទសូល ស្ដេចក៏ចាត់ទាហានមួយក្រុមទៀតឲ្យទៅ ប៉ុន្តែ ពួកគេស្លុងស្មារតី ស្រែកច្រៀង និងរាំដែរ។ ព្រះបាទសូលចាត់ក្រុមទីបីឲ្យទៅ តែពួកនេះស្លុងស្មារតី ស្រែកច្រៀង និងរាំ ដូចពួកមុនៗ។
22 ដូច្នេះ ព្រះបាទសូលក៏យាងទៅភូមិរ៉ាម៉ាដោយផ្ទាល់។ កាលទៅដល់ស្រះធំ នៅភូមិសេគូវ ស្ដេចសួរគេថា៖ «តើលោកសាំយូអែល និងដាវីឌនៅឯណា?»។ គេទូលថា៖ «លោកនៅឯណាយ៉ូត ជិតភូមិរ៉ាម៉ា»។
23 ស្ដេចក៏យាងទៅទីនោះ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកសណ្ឋិតលើស្ដេច ហើយស្ដេចយាងរហូតដល់ណាយ៉ូត នៅភូមិរ៉ាម៉ា ទាំងស្លុងស្មារតី ស្រែកច្រៀង និងរាំ។
24 ស្ដេចដោះព្រះភូសាចេញដូចគេឯងដែរ ហើយស្លុងស្មារតី ស្រែកច្រៀង និងរាំ នៅចំពោះមុខលោកសាំយូអែល។ ស្ដេចដួលដេក ទាំងអាក្រាត នៅលើដីពេញមួយថ្ងៃមួយយប់។ ហេតុនេះហើយបានជាមានពាក្យស្លោកថា៖ «តើព្រះបាទសូលចូលក្រុមព្យាការីដែរឬ?»។