13 សូមព្រះអម្ចាស់ដាក់ទោសខ្ញុំចុះ។ ប្រសិនបើបិតាខ្ញុំមានបំណងធ្វើបាបប្អូន ខ្ញុំក៏ជូនដំណឹងឲ្យប្អូនដឹងដែរ។ ខ្ញុំនឹងឲ្យប្អូនចាកចេញទៅដោយសុខសាន្ត។ សូមព្រះអម្ចាស់គង់ជាមួយប្អូន ដូចព្រះអង្គគង់ជាមួយបិតាខ្ញុំកាលពីមុនដែរ។
14 ពេលក្រោយ ប្រសិនបើខ្ញុំនៅមានជីវិត សូមប្អូនប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តស្មោះស្ម័គ្រមកពីព្រះអម្ចាស់ ដើម្បីកុំឲ្យខ្ញុំបាត់បង់ជីវិតឡើយ។
15 ទោះបីព្រះអម្ចាស់ផ្ដាច់ជីវិតខ្មាំងសត្រូវរបស់ប្អូនម្ដងមួយៗអស់ពីផែនដីក៏ដោយ សូមប្អូននៅតែសម្តែងចិត្តស្មោះស្ម័គ្រនេះចំពោះកូនចៅរបស់ខ្ញុំ រហូតតទៅ»។
16 ដូច្នេះ សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយលោកដាវីឌ និងកូនចៅរបស់លោក ដោយពោលថា៖ «បើលោកដាវីឌមិនគោរពសម្ពន្ធមេត្រីនេះទេ សូមព្រះអម្ចាស់ដាក់ទោសលោក តាមរយៈខ្មាំងសត្រូវ!»។
17 សម្ដេចយ៉ូណាថានបានសុំឲ្យលោកដាវីឌស្បថសាជាថ្មី ក្នុងនាមនៃសេចក្ដីស្រឡាញ់ដែលសម្ដេចមានចំពោះរូបលោក ដ្បិតសម្ដេចយ៉ូណាថានស្រឡាញ់លោកដាវីឌ ដូចស្រឡាញ់ខ្លួនឯង។
18 សម្ដេចយ៉ូណាថានបញ្ជាក់បន្ថែមថា៖ «ស្អែក នៅពេលបុណ្យដើមខែ គេនឹងសង្កេតឃើញថាបាត់រូបប្អូន ព្រោះកៅអីរបស់ប្អូននៅទំនេរ។
19 ខានស្អែក ប្អូនត្រូវចុះទៅកន្លែងដែលប្អូនបានលាក់ខ្លួនកាលពីថ្ងៃមុននោះ គឺប្អូនត្រូវទៅពួននៅក្បែរផ្ទាំងថ្មអេសែល។