15 ទោះបីព្រះអម្ចាស់ផ្ដាច់ជីវិតខ្មាំងសត្រូវរបស់ប្អូនម្ដងមួយៗអស់ពីផែនដីក៏ដោយ សូមប្អូននៅតែសម្តែងចិត្តស្មោះស្ម័គ្រនេះចំពោះកូនចៅរបស់ខ្ញុំ រហូតតទៅ»។
16 ដូច្នេះ សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយលោកដាវីឌ និងកូនចៅរបស់លោក ដោយពោលថា៖ «បើលោកដាវីឌមិនគោរពសម្ពន្ធមេត្រីនេះទេ សូមព្រះអម្ចាស់ដាក់ទោសលោក តាមរយៈខ្មាំងសត្រូវ!»។
17 សម្ដេចយ៉ូណាថានបានសុំឲ្យលោកដាវីឌស្បថសាជាថ្មី ក្នុងនាមនៃសេចក្ដីស្រឡាញ់ដែលសម្ដេចមានចំពោះរូបលោក ដ្បិតសម្ដេចយ៉ូណាថានស្រឡាញ់លោកដាវីឌ ដូចស្រឡាញ់ខ្លួនឯង។
18 សម្ដេចយ៉ូណាថានបញ្ជាក់បន្ថែមថា៖ «ស្អែក នៅពេលបុណ្យដើមខែ គេនឹងសង្កេតឃើញថាបាត់រូបប្អូន ព្រោះកៅអីរបស់ប្អូននៅទំនេរ។
19 ខានស្អែក ប្អូនត្រូវចុះទៅកន្លែងដែលប្អូនបានលាក់ខ្លួនកាលពីថ្ងៃមុននោះ គឺប្អូនត្រូវទៅពួននៅក្បែរផ្ទាំងថ្មអេសែល។
20 ខ្ញុំនឹងបាញ់ព្រួញបីដើមទៅរកថ្មនោះ គឺខ្ញុំបាញ់តម្រង់ឆ្ពោះទៅរកទិសដៅមួយ។
21 បន្ទាប់មក ខ្ញុំប្រើក្មេងបម្រើខ្ញុំឲ្យទៅរើស។ បើខ្ញុំស្រែកថា “មើលហ្ន៎! ព្រួញនៅមិនឆ្ងាយទេ ចូរទៅរើសមក” នោះបានសេចក្ដីថា ប្អូនអាចវិលមកវិញដោយសុខសាន្ត! ខ្ញុំសុំស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា គ្មានបញ្ហាអ្វីទេ!