១ សាំយូ‌អែល 20:4-10 KHSV

4 សម្ដេច​យ៉ូណា‌ថាន​ពោល​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «បើ​ប្អូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​ធ្វើ​តាម​ទាំង​អស់»។

5 លោក​ដាវីឌ​តប​ទៅ​សម្ដេច​យ៉ូណា‌ថាន​វិញ​ថា៖ «ស្អែក​នេះ​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ធម្មតា ខ្ញុំ​ត្រូវ​ទៅ​បរិភោគ​រួម​តុ​ជា​មួយ​ស្ដេច។ សូម​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ពួន​នៅ​ឯ​ស្រែ រហូត​ដល់​ល្ងាច​ខាន​ស្អែក។

6 បិតា​របស់​បង​មុខ​ជា​សួរ​រក​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​នៅ សូម​ទូល​ស្ដេច​ថា “ដាវីឌ​ទទូច​សូម​អនុញ្ញាត​ពី​ទូលបង្គំ ធ្វើ​ដំណើរ​ទៅ​បេថ្លេ‌ហិម ជា​ភូមិ​កំណើត​របស់​គេ​យ៉ាង​ប្រញាប់ ដើម្បី​ចូល​រួម​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ ជា​មួយ​នឹង​អំបូរ​ទាំង​មូល”។

7 ប្រសិន​បើ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា “មិន​អី​ទេ!” នោះ​ខ្ញុំ​នឹង​បាន​សុខ‌សាន្ត! ផ្ទុយ​ទៅ​វិញ បើ​ស្ដេច​ខ្ញាល់ នោះ​បង​នឹង​ដឹង​ច្បាស់​ថា ស្ដេច​បាន​សម្រេច​ចិត្ត​ធ្វើ​បាប​ខ្ញុំ​ហើយ។

8 ដូច្នេះ សូម​បង​សម្តែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​ខ្ញុំ​ផង ដ្បិត​យើង​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​ក្នុង​នាម​ព្រះ‌អម្ចាស់។ ម្យ៉ាង​ទៀត បើ​បង​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី សូម​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ កុំ​ចាប់​ខ្ញុំ​ទៅ​ថ្វាយ​បិតា​របស់​បង​អី»។

9 សម្ដេច​យ៉ូណា‌ថាន​ពោល​ឡើង​ថា៖ «កុំ​មាន​គំនិត​ដូច្នេះ​ឡើយ! ប្រសិន​បើ​ខ្ញុំ​ដឹង​ច្បាស់​ថា បិតា​របស់​ខ្ញុំ​សម្រេច​ព្រះ‌ហឫទ័យ​ធ្វើ​បាប​ប្អូន នោះ​ខ្ញុំ​មុខ​ជា​ប្រាប់​ប្អូន​មិន​ខាន»។

10 លោក​ដាវីឌ​សួរ​ថា៖ «ប្រសិន​បើ​បិតា​របស់​បង​ឆ្លើយ​មក​បង​វិញ​ទាំង​ខ្ញាល់​នោះ តើ​បាន​នរណា​នាំ​ដំណឹង​មក​ប្រាប់​ខ្ញុំ?»។