១ សាំយូ‌អែល 25:32-38 KHSV

32 លោក​ដាវីឌ​តប​ទៅ​នាង​អប៊ី‌កែល​វិញ​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​ចាត់​នាង​ឲ្យ​មក​ជួប​ខ្ញុំ នៅ​ថ្ងៃ​នេះ។

33 សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ប្រទាន​ឲ្យ​នាង​មាន​យោបល់​ល្អ។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​នាង ព្រោះ​ថ្ងៃ​នេះ នាង​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​បង្ហូរ​ឈាម និង​សង‌សឹក​ដោយ​ផ្ទាល់​ដៃ។

34 ព្រះ‌អម្ចាស់​ពិត​ជា​ឃាត់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​បាប​នាង​មែន ដ្បិត​ប្រសិន​បើ​នាង​មិន​ប្រញាប់‌ប្រញាល់​មក​ជួប​ខ្ញុំ​ទេ នោះ​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ពេល​ថ្ងៃ​រះ មុខ​ជា​គ្មាន​បុរស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​លោក​ណាបាល នៅ​មាន​ជីវិត​ឡើយ»។

35 លោក​ដាវីឌ​សុខ​ចិត្ត​ទទួល​យក​ជំនូន ដែល​នាង​អប៊ី‌កែល​នាំ​យក​មក​ជូន រួច​លោក​មាន​ប្រសាសន៍​ថា៖ «សូម​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សុខ‌សាន្ត​ចុះ ខ្ញុំ​ស្ដាប់​តាម​ពាក្យ​អង្វរ​របស់​នាង​ហើយ ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​នាង!»។

36 ពេល​នាង​អប៊ី‌កែល​ទៅ​ដល់​ផ្ទះ​វិញ នាង​ឃើញ​លោក​ណាបាល​កំពុង​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​ធំ​មួយ ដូច​ពិធី​ជប់‌លៀង​របស់​ស្ដេច។ លោក​ណាបាល​សប្បាយ​ចិត្ត​ក្រៃ‌លែង ហើយ​ស្រវឹង​យ៉ាង​ខ្លាំង​ទៀត ហេតុ​នេះ នាង​ពុំ​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ប្រាប់​លោក រហូត​ដល់​ថ្ងៃ​រះ។

37 លុះ​ព្រឹក​ឡើង ពេល​លោក​ស្វាង​ស្រា ភរិយា​របស់​លោក​រៀប​រាប់​ប្រាប់​នូវ​ហេតុ‌ការណ៍​ដែល​កើត​មាន។ ឮ​ដូច្នោះ លោក​ណាបាល​ក៏​គាំង​បេះ‌ដូង​ដេក​ស្ដូក​នៅ​មួយ​កន្លែង។

38 ប្រមាណ​ជា​ដប់​ថ្ងៃ​ក្រោយ​មក ព្រះ‌អម្ចាស់​បាន​ប្រហារ​លោក ហើយ​លោក​ក៏​ទទួល​មរណ‌ភាព។