២ ពង្សា‌វតារ‌ក្សត្រ 11:1-6 KHSV

1 កាល​ព្រះ‌នាង​អថា‌លា ជា​មាតា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជ្រាប​ថា ព្រះ​រាជ‌បុត្រ​សោយ‌ទិវង្គត​ហើយ ព្រះ‌នាង​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​រាជ‌វង្សា‌នុវង្ស​ទាំង​អស់។

2 ពេល​នោះ ព្រះ‌នាង​យ៉ូសេ‌បា ជា​បុត្រី​របស់​ព្រះ‌បាទ​យ៉ូរ៉ាម និង​ជា​អនុជ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា បាន​យក​ព្រះ‌អង្គ​ម្ចាស់​យ៉ូអាស ជា​បុត្រា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្ដេច​ដែល​ត្រូវ​គេ​សម្លាប់​នោះ​ទៅ​លាក់​ទុក។ ព្រះ‌នាង​នាំ​បុត្រ​នោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ​ក្នុង​ព្រះ‌វិហារ ព្រម​ទាំង​ឲ្យ​មេ​ដោះ​នៅ​ជា​មួយ​ផង។ គេ​បាន​លាក់​រាជ‌កុមារ​មិន​ឲ្យ​ព្រះ‌នាង​អថា‌លា​ឃើញ ដូច្នេះ រាជ‌កុមារ​ក៏​រួច​ពី​ស្លាប់។

3 ក្នុង​ពេល​ព្រះ‌នាង​អថា‌លា​គ្រង​រាជ្យ រាជ‌កុមារ​បាន​លាក់​ខ្លួន​ជា​មួយ​មេ​ដោះ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។

4 លុះ​ដល់​ឆ្នាំ​ទី​ប្រាំ‌ពីរ លោក​បូជា‌ចារ្យ​យេ‌ហូ‌យ៉ា‌ដា​ចាត់​គេ​ទៅ​អញ្ជើញ​ពួក​នាយ​ទាហាន​ហ្លួង ដែល​ជា​ជន‌ជាតិ​ការី និង​ពល​ទាហាន​មក​ជួប​នឹង​លោក​នៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ លោក​បាន​ចុះ​កិច្ច‌សន្យា​ជា​មួយ​ពួក​គេ ព្រម​ទាំង​សុំ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រួច​លោក​នាំ​បុត្រា​របស់​ស្ដេច​មក​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ។

5 បន្ទាប់​មក លោក​បញ្ជា​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ: ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ* មួយ​ភាគ​បី​ត្រូវ​យាម​ដំណាក់​ស្ដេច

6 មួយ​ភាគ​បី​ត្រូវ​យាម​នៅ​ត្រង់​មាត់​ទ្វារ​ស៊ើរ និង​មួយ​ភាគ​បី​ទៀត​ត្រូវ​យាម​នៅ​ទ្វារ​ខាង​ក្រោយ​កន្លែង​ប្រចាំ​ការ។ ក្រុម​ទាំង​បី​នេះ​ត្រូវ​ប្ដូរ​វេន​គ្នា​យាម​ព្រះ‌ដំណាក់។