កិច្ចការ 1:11-17 KHSV

11 ពោល​ថា៖ «អ្នក​ស្រុក​កាលី‌ឡេ​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​លើ​មេឃ​ដូច្នេះ? ព្រះ‌យេស៊ូ​នោះ ព្រះ‌ជាម្ចាស់​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​ស្ថាន​បរម‌សុខ​ហើយ ព្រះ‌អង្គ​នឹង​យាង​ត្រឡប់​មក​វិញ តាម​របៀប​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ដែរ»។

12 ពេល​នោះ ក្រុម​សាវ័ក*​នាំ​គ្នា​វិល​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវ ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​មួយ​គីឡូ‌ម៉ែត្រ។

13 លុះ​បាន​មក​ដល់​ផ្ទះ​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ សាវ័ក​ទាំង​នោះ គឺ​លោក​ពេត្រុស លោក​យ៉ូហាន លោក​យ៉ាកុប លោក​អនទ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូ‌ឡូមេ លោក​ម៉ាថាយ លោក​យ៉ាកុប​ជា​កូន​លោក​អាល់‌ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​លោក​យ៉ាកុប។

14 ពួក​គេ​រួម​ចិត្ត​គំនិត​គ្នា ព្យាយាម​អធិស្ឋាន* ដោយ​មាន​ស្ត្រី​ឯ​ទៀតៗ មាន​នាង​ម៉ារី​ជា​មាតា​របស់​ព្រះ‌យេស៊ូ និង​មាន​បង‌ប្អូន​របស់​ព្រះ‌អង្គ​មក​ចូល​រួម​ជា​មួយ​ផង​ដែរ។

15 នៅ​គ្រា​នោះ មាន​បង‌ប្អូន​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់​នៅ​ជុំ​គ្នា លោក​ពេត្រុស​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​គេ ហើយ​ពោល​ថា៖

16 «បង‌ប្អូន​អើយ! ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បាន​ថ្លែង​ទុក​ជា​មុន តាម​រយៈ​ព្រះ‌បាទ​ដាវីឌ អំពី​យូដាស ជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ។ ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន។

17 យូដាស​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​របស់​យើង ហើយ​បាន​ទទួល​ចំណែក​មុខ‌ងារ​រួម​ជា​មួយ​យើង​ដែរ។