25 ពេលលោកពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះទៀបជើងលោក។
26 ប៉ុន្តែ លោកពេត្រុសចាប់គាត់ឲ្យក្រោកឡើង ទាំងពោលថា៖ «អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។
27 លោកដើរចូលទៅខាងក្នុងបណ្ដើរ សន្ទនាជាមួយលោកកូនេលាសបណ្ដើរ។ ដោយលោកឃើញមនុស្សជាច្រើននៅជុំគ្នា
28 លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេ វិន័យ*របស់សាសនាយូដា ហាមមិនឲ្យសាសន៍យូដា ទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់បានបង្ហាញខ្ញុំឲ្យដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថាជាមនុស្ស ដែលវិន័យហាមឃាត់មិនឲ្យទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។
29 ហេតុនេះហើយបានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍ បងប្អូនហៅខ្ញុំមកមានការអ្វី?»។
30 លោកកូនេលាសមានប្រសាសន៍ថា៖ «កាលពីបីថ្ងៃមុន ពេលខ្ញុំកំពុងអធិស្ឋាន*ក្នុងផ្ទះខ្ញុំ នៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា
31 “លោកកូនេលាសអើយ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ រីឯទានរបស់លោកក៏ព្រះអង្គមិនភ្លេចដែរ។