កិច្ចការ 10:3-9 KHSV

3 ថ្ងៃ​មួយ ប្រមាណ​ជា​ម៉ោង​បី​រសៀល គាត់​បាន​និមិត្ត​ឃើញ​ទេវតា*​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​ច្បាស់ ទេវតា​នោះ​ចូល​មក​ផ្ទះ​គាត់ ហៅ​គាត់​ថា៖ «លោក​កូនេ‌លាស​អើយ!»។

4 លោក​កូនេ‌លាស​សម្លឹង​មើល​ទៅ​ទេវតា ហើយ​មាន​ប្រសាសន៍​ទៅ​វិញ ទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​មាន​ការ​អ្វី?»។ ទេវតា​ពោល​មក​គាត់​ថា៖ «ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ ព្រះ‌អង្គ​ក៏​ជ្រាប​អំពី​ទាន​របស់​លោក​ដែរ ព្រះ‌អង្គ​មិន​ភ្លេច​ទេ។

5 សុំ​លោក​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ​ឥឡូវ​នេះ អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស​មក។

6 គាត់​ស្នាក់​នៅ​ផ្ទះ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ផ្ទះ​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ»។

7 កាល​ទេវតា*​ដែល​បាន​និយាយ​ជា​មួយ​គាត់​ចេញ​ផុត​ទៅ លោក​កូនេ‌លាស​ក៏​ហៅ​អ្នក​បម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់ ដែល​នៅ​ក្រោម​បញ្ជា​របស់​គាត់​ជា​យូរ​ហើយ ហើយ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ផង​នោះ ឲ្យ​ចូល​មក។

8 លោក​បាន​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​អស់​ប្រាប់​ពួក​គេ រួច​ចាត់​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ។

9 នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យ៉ុប‌ប៉េ។ ប្រមាណ​ជា​ថ្ងៃ​ត្រង់ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាន*​នៅ​លើ​ដំបូល​ផ្ទះ។