កិច្ចការ 10:36-42 KHSV

36 ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌បន្ទូល​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​នាំ​ដំណឹង‌ល្អ*​មក​ប្រាប់​គេ អំពី​សេចក្ដី​សុខ‌សាន្ត តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ដ* គឺ​ព្រះ‌យេស៊ូ​នេះ​ហើយ ដែល​ជា​ព្រះ‌អម្ចាស់​លើ​មនុស្ស​ទាំង​អស់។

37 បង‌ប្អូន​ជ្រាប​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ជា​ហេតុ‌ការណ៍​ដែល​បាន​ចាប់​ផ្ដើម​នៅ​ស្រុក​កាលី‌ឡេ គឺ​បន្ទាប់​ពី​ពេល​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​ឲ្យ​បណ្ដា‌ជន​ទទួល​ពិធី​ជ្រមុជ​ទឹក។

38 បង‌ប្អូន​បាន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ចាក់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* និង​ឫទ្ធា‌នុភាព អភិសេក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ បង‌ប្អូន​ក៏​ជ្រាប​ដែរ​ថា​ព្រះ‌យេស៊ូ​បាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ត​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​មារ*​សង្កត់‌សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះ‌អង្គ។

39 យើង​ជា​បន្ទាល់​អំពី​កិច្ចការ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នៅ​ក្នុង​ដែន​ដី​របស់​ជន‌ជាតិ​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​ព្យួរ​នៅ​លើ​ឈើ។

40 ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី និង​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌អង្គ​បង្ហាញ​ខ្លួន

41 ដល់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ជា​មុន​ឲ្យ​ធ្វើ​ជា​បន្ទាល់ បាន​ឃើញ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់​ដែល​បាន​បរិភោគ​ជា​មួយ​ព្រះ‌អង្គ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ពុំ​បាន​ឲ្យ​ព្រះ‌យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ដ្រ​ទាំង​មូល​ឃើញ​ទេ។

42 ព្រះ‌យេស៊ូ​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ​ជា​បន្ទាល់​ប្រកាស​ប្រាប់​ប្រជា‌ជន​ថា ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ព្រះ‌អង្គ​ឲ្យ​វិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។