23 ពេលគាត់ទៅដល់ ហើយឃើញព្រះគុណរបស់ព្រះជាម្ចាស់ដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តនៅស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច។
24 លោកបារណាបាសជាមនុស្សម្នាក់មានចិត្តសប្បុរស ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយជំនឿ។ ពេលនោះ មានបណ្ដាជនជាច្រើនបានមកចូលរួមជាមួយព្រះអម្ចាស់។
25 បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូល នៅក្រុងតើសុស។
26 កាលបានជួបហើយ គាត់ក៏នាំលោកមកក្រុងអន់ទីយ៉ូក។ លោកទាំងពីរបានរស់នៅជាមួយក្រុមជំនុំ អស់រយៈពេលមួយឆ្នាំ ហើយបង្រៀនបណ្ដាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅពួកសិស្ស* ជាលើកទីមួយថា «គ្រិស្ដបរិស័ទ»។
27 នៅគ្រានោះ មានពួកព្យាការី*ធ្វើដំណើរចុះពីក្រុងយេរូសាឡឹម មកដល់ក្រុងអន់ទីយ៉ូក។
28 ក្នុងចំណោមព្យាការីទាំងនោះ មានម្នាក់ឈ្មោះអកាប៊ូស។ ដោយព្រះវិញ្ញាណបានបំភ្លឺ គាត់ក្រោកឡើងប្រាប់ពួកអ្នកជឿឲ្យដឹងថា បន្ដិចទៀតនឹងមានកើតទុរ្ភិក្សនៅលើផែនដីទាំងមូល (ទុរ្ភិក្សនោះក៏កើតមានមែន គឺនៅក្នុងរជ្ជកាលព្រះចៅអធិរាជក្លូឌាស)។
29 ពួកសិស្ស*នាំគ្នាសម្រេចចិត្តផ្ញើជំនួយ តាមសមត្ថភាពរៀងៗខ្លួន ទៅជូនបងប្អូននៅស្រុកយូដា។