កិច្ចការ 11:9-15 KHSV

9 ព្រះ​សូរសៀង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក ជា​លើក​ទី​ពីរ​ថា: “អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!”។

10 ហេតុ‌ការណ៍​នេះ​បាន​កើត​មាន​ដល់​ទៅ​បី​ដង ទើប​វត្ថុ​នោះ​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។

11 ពេល​នោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេសារា​ឲ្យ​មក​រក​ខ្ញុំ បាន​មក​ដល់​ផ្ទះ​ដែល​យើង​ស្នាក់​នៅ។

12 ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ កុំ​រារែក​ឡើយ។ ពេល​នោះ មាន​បង‌ប្អូន​ប្រាំ​មួយ​នាក់​បាន​ជូន​ដំណើរ​ខ្ញុំ​ទៅ​ដែរ ហើយ​យើង​បាន​ទៅ​ដល់​ផ្ទះ​លោក​កូនេ‌លាស។

13 លោក​បាន​រៀប​រាប់​ប្រាប់​យើង​ថា លោក​បាន​ឃើញ​ទេវតា​មក​ជួប​លោក​នៅ​ក្នុង​ផ្ទះ ទាំង​ពោល​ថា: “សុំ​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ រក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ហៅ​ពេត្រុស

14 គាត់​នឹង​ប្រកាស​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ការ​សង្គ្រោះ​ឲ្យ​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល”។

15 នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ដូច​ព្រះ‌អង្គ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​យើង កាល​ពី​ដើម​ដំបូង​នោះ​ដែរ។