កិច្ចការ 12:2-8 KHSV

2 ទ្រង់​បាន​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​យ៉ាកុប ជា​បង​របស់​លោក​យ៉ូហាន។

3 ដោយ​យល់​ឃើញ​ថា​ជន‌ជាតិ​យូដា​ពេញ​ចិត្ត ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់​លោក​ពេត្រុស​ថែម​ទៀត។ ពេល​នោះ ជា​ពេល​បុណ្យ​នំប៉័ង​ឥត​មេ*។

4 ក្រោយ​ពី​បាន​ចាប់​លោក​ពេត្រុស​យក​ទៅ​ឃុំ‌ឃាំង​រួច​ហើយ ស្ដេច​ក៏​បញ្ជា​ឲ្យ​ទាហាន​បួន​ក្រុម​យាម​លោក ក្នុង​ក្រុម​នីមួយៗ​មាន​គ្នា​បួន​នាក់។ ព្រះ‌បាទ​ហេរ៉ូដ​មាន​បំណង​នឹង​កាត់​ទោស​លោក​នៅ​មុខ​ប្រជា‌ជន ក្រោយ​បុណ្យ​ចម្លង*។

5 ដូច្នេះ លោក​ពេត្រុស​ក៏​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំ‌ឃាំង​នៅ​ពេល​នោះ​ទៅ។ ក្រុម‌ជំនុំ​បាន​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឥត​ស្រាក‌ស្រាន្ត សូម​ព្រះ‌អង្គ​ជួយ​លោក។

6 នៅ​យប់​មុន​ពេល​ដែល​ព្រះ‌បាទ​ហេរ៉ូដ​យក​លោក​ពេត្រុស​ទៅ​កាត់​ទោស លោក​សម្រាន្ដ ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ​ផង មាន​ទាហាន​ពីរ​នាក់​នៅ​អម​សង​ខាង ហើយ​ក៏​មាន​ទាហាន​យាម​នៅ​មាត់​ទ្វារ​ពន្ធ‌នាគារ​ដែរ។

7 ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ ទេវតា​ដាស់​លោក​ពេត្រុស ដោយ​កេះ​លោក​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។

8 ទេវតា​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ពោល​មក​លោក​ទៀត​ថា៖ «សូម​ពាក់​អាវ​ក្រៅ ហើយ​អញ្ជើញ​មក​តាម​ខ្ញុំ»។