កិច្ចការ 13:15-21 KHSV

15 បន្ទាប់​ពី​បាន​អាន​គម្ពីរ‌វិន័យ* និង​គម្ពីរ​ព្យាការី*​រួច​ហើយ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ សុំ​ឲ្យ​គេ​ជម្រាប​ពួក​លោក​ប៉ូល​ថា៖ «បង‌ប្អូន​អើយ! បើ​បង‌ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជា‌ជន សូម​មាន​ប្រសាសន៍​មក​ចុះ»។

16 លោក​ប៉ូល​ក្រោក​ឡើង​លើក​ដៃ​ធ្វើ​សញ្ញា ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​បង‌ប្អូន​ជន‌ជាតិ​អ៊ីស្រា‌អែល និង​បង‌ប្អូន​ដែល​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ សូម​ជ្រាប!

17 ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ជ្រើស​រើស​បុព្វបុរស​របស់​យើង និង​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ​នេះ​បាន​ចម្រើន​ឡើង នៅ​ពេល​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​អេស៊ីប។ បន្ទាប់​មក ព្រះ‌អង្គ​បាន​នាំ​គេ​ចេញ​ពី​ប្រទេស​នោះ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

18 ព្រះ‌អង្គ​បាន​ផ្គត់‌ផ្គង់​គេ​អស់​រយៈ​ពេល​ប្រមាណ​សែ‌សិប​ឆ្នាំ នៅ​វាល​រហោ‌ស្ថាន។

19 ក្រោយ​ពី​ព្រះ‌អង្គ​រំលាយ​ជាតិ​សាសន៍​ទាំង​ប្រាំ‌ពីរ​នៅ​ស្រុក​កាណាន​រួច​ហើយ ព្រះ‌អង្គ​បាន​ប្រទាន​ទឹក​ដី​នោះ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ធ្វើ​ជា​កម្មសិទ្ធិ។

20 ហេតុ‌ការណ៍​ទាំង​នោះ​កើត​មាន​ក្នុង​អំឡុង​ពេល​ប្រមាណ​បួន​រយ​ហា‌សិប​ឆ្នាំ។ ក្រោយ​មក ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​អ្នក​គ្រប់‌គ្រង​រហូត​ដល់​ជំនាន់​ព្យាការី​សាំយូ‌អែល។

21 បន្ទាប់​មក​ទៀត គេ​បាន​នាំ​គ្នា​ទូល​សូម​ស្ដេច​មួយ​អង្គ ព្រះ‌ជាម្ចាស់​ក៏​ប្រទាន​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ*​បេន‌យ៉ាមីន ឲ្យ​គ្រង​រាជ្យ​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។