2 នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំព្រះអម្ចាស់ និងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។
3 ក្រោយពីបាននាំគ្នាតមអាហារ និងអធិស្ឋាន*រួចហើយ គេបានដាក់ដៃ*លើលោកទាំងពីរ ហើយឲ្យលោកចេញទៅ។
4 លោកបារណាបាស និងលោកសូល ដែលព្រះវិញ្ញាណដ៏វិសុទ្ធ*បានចាត់ឲ្យទៅនោះ បានធ្វើដំណើរទៅដល់ក្រុងសេលើស៊ា ហើយចុះសំពៅទៅកោះគីប្រុស។
5 ពេលទៅដល់ក្រុងសាឡាមីន លោកទាំងពីរបានប្រកាសព្រះបន្ទូលព្រះជាម្ចាស់ នៅក្នុងសាលាប្រជុំ*របស់ជនជាតិយូដា ដោយមានលោកយ៉ូហានជួយផង។
6 បន្ទាប់មក លោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ រហូតទៅដល់ក្រុងប៉ាផូស។ នៅក្រុងនោះ លោកបានជួបគ្រូមន្តអាគមជាតិយូដាម្នាក់ ឈ្មោះបារយេស៊ូជាព្យាការីក្លែងក្លាយ
7 គាត់រស់នៅជាមួយលោកស៊ើគាស-ប៉ូឡូស ដែលជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង ហើយដែលជាមនុស្សមានប្រាជ្ញា។ លោកប្រតិភូចាត់គេឲ្យទៅអញ្ជើញលោកបារណាបាស និងលោកសូលមក ព្រោះលោកមានបំណងចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។
8 ប៉ុន្តែ អេលីម៉ាស (ភាសាក្រិក ប្រែថាគ្រូមន្តអាគម) ចេះតែប្រឆាំងនឹងលោកទាំងពីរ ហើយរកមធ្យោបាយពង្វាងលោកប្រតិភូ ឲ្យងាកចេញពីជំនឿ។