កិច្ចការ 13:25-31 KHSV

25 ពេល​លោក​យ៉ូហាន​បំពេញ​មុខ‌ងារ​របស់​លោក​ចប់​សព្វ​គ្រប់​ហើយ លោក​មាន​ប្រសាសន៍​ថា: “ខ្ញុំ​នេះ​មិន​មែន​ជា​អ្នក ដែល​បង‌ប្អូន​ទន្ទឹង​រង់‌ចាំ​នោះ​ទេ។ ឥឡូវ​នេះ មាន​លោក​ម្នាក់​មក​តាម​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ បើ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង”។

26 បង‌ប្អូន​ជា​ពូជ‌ពង្ស​លោក​អប្រាហាំ និង​បង‌ប្អូន​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​អើយ! ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ស្ដី​អំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ

27 ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ពួក​មេ​ដឹក​នាំ​របស់​គេ ពុំ​បាន​ដឹង​ថា​ព្រះ‌យេស៊ូ​ជា​នរណា​ឡើយ។ គេ​បាន​កាត់​ទោស​ព្រះ‌អង្គ ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក ហើយ​គេ​អាន​រៀង​រាល់​ថ្ងៃ​សប្ប័ទ*

28 ទោះ​បី​គេ​រក​កំហុស​អ្វី​មក​កាត់​ទោស​លោក​មិន​ឃើញ​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត​ប្រហារ​ជីវិត​ព្រះ‌អង្គ​ដែរ។

29 កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះ‌អង្គ​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​ព្រះ​សព​ព្រះ‌អង្គ​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

30 ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​រស់​ឡើង​វិញ។

31 ព្រះ‌យេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​អស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះ‌អង្គ ពី​ស្រុក​កាលី‌ឡេ​ទៅ​ក្រុង​យេរូ‌សាឡឹម ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើ​ជា​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទៀត​ផង។