37 រីឯព្រះយេស៊ូដែលព្រះជាម្ចាស់បានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញនោះ ព្រះសពរបស់ព្រះអង្គពុំបានរលួយទេ។
38 ដូច្នេះ បងប្អូនអើយ! សូមបងប្អូនជ្រាបឲ្យច្បាស់ថា ព្រះជាម្ចាស់លើកលែងទោសឲ្យបងប្អូនរួចពីបាប តាមរយៈព្រះយេស៊ូ ដូចយើងបានជម្រាបមកស្រាប់។ បងប្អូនពុំអាចទៅជាមនុស្សសុចរិត* រួចផុតអំពើបាបទាំងប៉ុន្មាន ដោយគោរពតាមវិន័យរបស់លោកម៉ូសេបានឡើយ។
39 ផ្ទុយទៅវិញ ព្រះជាម្ចាស់ប្រោសឲ្យអស់អ្នកជឿបានសុចរិត តាមរយៈព្រះយេស៊ូ។
40 ហេតុនេះសូមបងប្អូនប្រយ័ត្ន ក្រែងត្រូវតាមសេចក្ដីដែលព្យាការី*ថ្លែងទុកមកថា:
41 “មនុស្សដែលចេះតែមើលងាយគេអើយ! ចូរនាំគ្នាមើល ហើយងឿងឆ្ងល់ រួចវិនាសបាត់ទៅចុះ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា ក៏ដោយ” »។
42 ពេលលោកប៉ូល និងលោកបារណាបាសចេញពីសាលាប្រជុំ ពួកគេបានអញ្ជើញលោកឲ្យមានប្រសាសន៍អំពីសេចក្ដីទាំងនេះ នៅថ្ងៃសប្ប័ទ*ខាងមុខទៀត។
43 លុះអង្គប្រជុំបែកគ្នាហើយ មានសាសន៍យូដា និងអ្នកចូលសាសនាយូដាជាច្រើននាក់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ នាំគ្នាទៅតាមលោកប៉ូល និងលោកបារណាបាស។ លោកទាំងពីរបានសន្ទនាជាមួយពួកគេ ហើយក្រើនរំឭកគេឲ្យនៅខ្ជាប់ខ្ជួននឹងព្រះគុណរបស់ព្រះជាម្ចាស់ជានិច្ច។