41 “មនុស្សដែលចេះតែមើលងាយគេអើយ! ចូរនាំគ្នាមើល ហើយងឿងឆ្ងល់ រួចវិនាសបាត់ទៅចុះ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា ក៏ដោយ” »។
42 ពេលលោកប៉ូល និងលោកបារណាបាសចេញពីសាលាប្រជុំ ពួកគេបានអញ្ជើញលោកឲ្យមានប្រសាសន៍អំពីសេចក្ដីទាំងនេះ នៅថ្ងៃសប្ប័ទ*ខាងមុខទៀត។
43 លុះអង្គប្រជុំបែកគ្នាហើយ មានសាសន៍យូដា និងអ្នកចូលសាសនាយូដាជាច្រើននាក់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ នាំគ្នាទៅតាមលោកប៉ូល និងលោកបារណាបាស។ លោកទាំងពីរបានសន្ទនាជាមួយពួកគេ ហើយក្រើនរំឭកគេឲ្យនៅខ្ជាប់ខ្ជួននឹងព្រះគុណរបស់ព្រះជាម្ចាស់ជានិច្ច។
44 នៅថ្ងៃសប្ប័ទបន្ទាប់មកទៀត ប្រជាជននៅក្រុងនោះបានមកជួបជុំ ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ទើរតែទាំងអស់គ្នា។
45 កាលជនជាតិយូដាឃើញមហាជនដូច្នោះ គេមានចិត្តច្រណែនជាខ្លាំង ក៏នាំគ្នានិយាយជំទាស់នឹងពាក្យដែលលោកប៉ូលមានប្រសាសន៍ ហើយថែមទាំងជេរប្រមាថលោកទៀតផង។
46 លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេ ដោយចិត្តអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូន។ ប៉ុន្តែ ដោយបងប្អូនបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ
47 ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា:“យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ ស្រុកដាច់ស្រយាលនៃផែនដី” »។