17 ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឲ្យគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។
18 ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។
19 បន្ទាប់មក មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានទាក់ទាញចិត្តមហាជនឲ្យចូលទៅខាងគេ ហើយយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា លោកស្លាប់បាត់ទៅហើយ។
20 ប៉ុន្តែ ក្រុមសិស្ស*នាំគ្នាមកជុំវិញលោក លោកក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង លោកចេញដំណើរទៅក្រុងឌើបេជាមួយលោកបារណាបាស។
21 លោកប៉ូល និងលោកបារណាបាសបានផ្សព្វផ្សាយដំណឹងល្អ*នៅក្រុងឌើបេ ហើយណែនាំមនុស្សជាច្រើនឲ្យធ្វើជាសិស្ស*។ បន្ទាប់មក លោកវិលទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអន់ទីយ៉ូកវិញ។
22 លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្តមាំមួន និងលើកទឹកចិត្តគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់»។
23 លោកបានតែងតាំងពួកព្រឹទ្ធាចារ្យ*នៅតាមក្រុមជំនុំនីមួយៗ។ លុះបានអធិស្ឋាន* និងតមអាហាររួចហើយ លោកទាំងពីរក៏ផ្ញើពួកសិស្សទុកនៅនឹងព្រះអម្ចាស់ ដែលគេបានជឿ។