កិច្ចការ 15:23-29 KHSV

23 ក្រុម‌ជំនុំ​បាន​ប្រគល់​សំបុត្រ​មួយ​ឲ្យ​លោក​ទាំង​ពីរ​នាំ​យក​ទៅ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ​នេះ៖«យើង​ខ្ញុំ ជា​សាវ័ក ជា​ព្រឹទ្ធា‌ចារ្យ និង​ជា​បង‌ប្អូន សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ជា​សាសន៍​ដទៃ ដែល​រស់​នៅ​ក្រុង​អន់‌ទី‌យ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា។

24 យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យើង​ខ្លះ​បាន​នាំ​ឲ្យ​បង‌ប្អូន​ជ្រួល‌ច្របល់ មក​ពី​ពាក្យ​ដែល​គេ​និយាយ​ប្រាប់​បង‌ប្អូន បណ្ដាល​ឲ្យ​បង‌ប្អូន​មាន​កង្វល់​ក្នុង​ចិត្ត។ យើង​ខ្ញុំ​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ។

25 យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​គ្នា​យើង​ខ្លះ ចាត់​ឲ្យ​មក​ជួប​បង‌ប្អូន​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង

26 ជា​អ្នក​ដែល​បាន​សុខ​ចិត្ត​បូជា​ជីវិត​របស់​ខ្លួន​បម្រើ​ព្រះ‌យេស៊ូ​គ្រិស្ដ ជា​ព្រះ‌អម្ចាស់​របស់​យើង។

27 ហេតុ​នេះ យើង​ខ្ញុំ​សុំ​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ យក​មក​ជម្រាប​បង‌ប្អូន​ស្ដាប់​ផ្ទាល់​តែ​ម្ដង។

28 ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​យក​វិន័យ*​ណា​ផ្សេង​ទៀត​ដែល​មិន​ចាំ‌បាច់ មក​បង្ខំ​បង‌ប្អូន​ឲ្យ​ប្រតិបត្តិ​តាម​ឡើយ

29 យើង​គ្រាន់​តែ​សុំ​ឲ្យ​បង‌ប្អូន​ចៀស‌វាង​កុំ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​កុំ​បរិភោគ​ម្ហូប​អាហារ​ដែល​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់ ដោយ​ច្របាច់-ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា ដោយ​មិន​រៀប‌ការ។ ប្រសិន​បើ​បង‌ប្អូន​ប្រតិបត្តិ​ដូច្នេះ​បាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​បង‌ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ»។