27 ហេតុនេះ យើងខ្ញុំសុំចាត់លោកយូដាស និងលោកស៊ីឡាសឲ្យនាំពាក្យដដែលនេះ យកមកជម្រាបបងប្អូនស្ដាប់ផ្ទាល់តែម្ដង។
28 ព្រះវិញ្ញាណដ៏វិសុទ្ធ* និងយើងខ្ញុំយល់ឃើញថា មិនគួរយកវិន័យ*ណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្តិតាមឡើយ
29 យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្តដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នា ដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្តិដូច្នេះបាន នោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។
30 ពួកអ្នកតំណាងក៏លាគេ ចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។
31 គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្តពួកគេ។
32 លោកយូដាស និងលោកស៊ីឡាស ដែលជាព្យាការី*មានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ត និងពង្រឹងជំនឿរបស់បងប្អូន។
33 បន្តិចក្រោយមក ពួកបងប្អូនសុខចិត្តឲ្យលោកទាំងពីរវិលត្រឡប់ទៅឯក្រុមជំនុំ ដែលបានចាត់គេឲ្យមកនោះវិញ ទាំងជូនពរឲ្យលោកធ្វើដំណើរប្រកបដោយសុខសាន្ត។ [