12 រួចយើងចេញដំណើរពីក្រុងនោះឆ្ពោះទៅក្រុងភីលីព ជាក្រុងធំជាងគេក្នុងស្រុកម៉ាសេដូន ហើយជាក្រុងដែលមានឯកសិទ្ធិពិសេសនៅក្នុងចក្រភពរ៉ូម៉ាំង។ យើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។
13 នៅថ្ងៃសប្ប័ទ* យើងបានចេញទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ស្ទឹងមួយ ដោយនឹកគិតថានឹងមានកន្លែងអធិស្ឋាន*។ យើងក៏នាំគ្នាអង្គុយ ហើយនិយាយជាមួយពួកស្ត្រីដែលមកជួបជុំគ្នានៅទីនោះ។
14 មានស្ត្រីម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ឈ្មោះលីឌា ជាអ្នកស្រុកធាទេរ៉ា និងជាឈ្មួញក្រណាត់ពណ៌ក្រហមដ៏មានតម្លៃ។ ពេលនោះ នាងផ្ទៀងត្រចៀកស្ដាប់ ព្រះអម្ចាស់ក៏បានបំភ្លឺចិត្តគំនិតនាង ឲ្យយកចិត្តទុកដាក់នឹងសេចក្ដីដែលលោកប៉ូលមានប្រសាសន៍។
15 បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាង ដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។
16 មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន* មានស្រីបម្រើគេម្នាក់មកជួបយើង នាងមានអារក្សភីថង់ចូល នាំឲ្យនាងចេះទាយ ធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកំរៃយ៉ាងច្រើន។
17 នាងដើរតាមក្រោយលោកប៉ូល និងយើង ទាំងស្រែកថា៖ «លោកទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះមកប្រាប់អ្នករាល់គ្នា»។
18 នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្តជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាវិញ្ញាណអាក្រក់ថា៖ «ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ* ចូរចេញពីនាងទៅ!»។ វិញ្ញាណអាក្រក់ក៏ចេញពីនាងភ្លាម។